(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថាក្រសួងការងារ បានរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨។

លោក ហេង សួរ បានថ្លែងថា ផែនការយុទ្ធសាស្រ្តនេះ គឺដោយបានអនុលោមតាមសូចនាករ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលដៅទាំងឡាយដែលបានដាក់ចេញ ក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

លោករដ្ឋមន្រ្តីគូសបញ្ជា្កក់ថា ផែនការយុទ្ធសាស្ត្រត្រូវបានធ្វើអាទិភាពកម្ម យុទ្ធសាស្ត្របច្ចេកទេសចំនួន ៥ និងយុទ្ធសាស្ត្រគាំទ្រទូទៅចំនួន ១ (៥បូក១) រួមមាន៖ យុទ្ធសាស្ត្រទី១ «ការរៀបចំ និងអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម» ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពមិនស៊ីសង្វាក់គ្នារវាងតួអង្គអ្នកស្វែងរកការងារ អ្នកផ្តល់ការងារ និងអ្នកផ្តល់ការបណ្តុះបណ្តាល។

លោកបានបន្ថែមថា ចំពោះយុទ្ធសាស្ត្រទី២ «ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង។

រីឯ យុទ្ធសាស្ត្រទី៣ «ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ»

ក្នុងនោះយុទ្ធសាស្ត្រទី៤ «ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព» ដើម្បីបង្កើនការការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូ និងផលប្រយោជន៍របស់បងប្អូនពលករទេសន្តប្រវេសន៍កម្ពុជា ក៏ដូចជាជនបរទេស ដែលធ្វើការដោយស្របច្បាប់នៅកម្ពុជា។

ចំណែកយុទ្ធសាស្ត្រទី៥ «ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច» គ្រប់កម្មករនិយោជិត និងប្រជាពលរដ្ឋមានសុខមាលភាព និងសន្តិសុខសង្គមពេញលេញទាំងនៅក្នុងអំឡុងពេលមានការងារ និងមុខរបរ រហូតដល់ពេលចូលនិវត្តន៍។

លើសពីនេះ លោករដ្ឋមន្រ្តីបានបន្ថែមថា យុទ្ធសាស្ត្រគាំទ្រទូទៅចំនួន១ គឺ «ការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល» ដែលយុទ្ធសាស្រ្តនេះនឹងធ្វើឱ្យក្រសួងកាន់តែពង្រឹងបាននូវសមត្ថភាព គុណភាព សេវាឆ្លើយតប និងសេវាទ្រទ្រង់ប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាព ឈរលើប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទិន្នន័យច្បាស់លាស់។ និងចុងក្រោយយុទ្ធសាស្ត្របច្ចេកទេសទាំង៥ និងយុទ្ធសាស្ត្រគាំទ្រូទូទៅ១ ចែកចេញជាកម្មវិធីអនុវត្ត ចំនួន ៣០ ចង្កោមសកម្មភាពអាទិភាពចំនួន ១៥០ និងសកម្មភាពការងារអាទិភាពចំនួន ៧៥០៕