(ភ្នំពេញ)៖ លោកស្រី Astrid Krag KRISTENSEN គណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) បានប្ដេជ្ញាចិត្ដក្នុងការបន្តចូលរួមចំណែកគាំទ្រ ក្នុងភាពជាដៃគូ ក៏ដូចជាផ្តល់នូវជំនួយទាំងសម្ភារៈ និងស្មារតី ដើម្បីធ្វើឱ្យវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងភាពជាដៃគូ ក្នុងការលើកកម្ពស់សុខភាពប្រជាជនកម្ពុជា។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី Astrid Krag KRISTENSEN តំណាងគណៈប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ឱកាសជូនគណៈប្រតិភូឱ្យបានឃើញផ្ទាល់ អំពីប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពការផ្តល់សេវាសុខាភិបាលដល់មូលដ្ឋាន ដែលជាការរៀនសូត្រផ្លាស់ប្តូរបទពិសោធន័ការងារ។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈប្រតិភូក៏មិនភ្លេចបានសម្តែងការអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រាប់នីតិកាលទី៧នេះ។

លោកស្រីតំណាងគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ ក៏បានបន្តដោយលើកឡើងជាសំណួរ និងចំណាប់អារម្មណ៍ និងការចែករំលែកនូវបទពិសោធន៍ ក្នុងសមាសភាពដែលលោកស្រីក៏ធ្លាប់ជាអតីតៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមហាផ្ទៃផងដែរនៅក្នុងប្រទេសរបស់លោកស្រី។ កិច្ចពិភាក្សាផ្តោតលើ បទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល កិច្ចការងារអន្តរក្រសួង កិច្ចការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាសុខភាពឌីជីថល ក្នុងនាសម័យទំនើប បរិវត្តកម្មបច្ចេកវិទ្យា និងនវានុវត្តន៍នេះផងដែរ។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងនួវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបញ្ជាក់ពីការគាំទ្រអំពីវឌ្ឍនភាពដ៏ល្អប្រសើរគួរកត់សម្កាល់នៃវិស័យសុខាភិបាលកម្ពុជា បន្ទាប់ពីគណៈប្រតិភូបានធ្វើទស្សនកិច្ច ជួបដោយផ្ទាល់មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ស្វែងយល់អំពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន មណ្ឌលសុខភាពនានា ទាំងនៅបណ្តាខេត្ត ទាំងនៅថ្នាក់ជាតិ។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ Nordic រួមមានប្រទេស ដាណឺម៉ាក ស៊ុយអែត ន័រវេស ក៏ដូចជាបណ្តាដៃគូសុខាភិបាល ដែលបានអញ្ជើញចូលជួបសម្តែងការគួរសមនេះ ចូលរួមសាទរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅកម្ពុជា។ ដំណើរទស្សនកិច្ចចុះពិនិត្យស្វែងយល់ដោយផ្ទាល់នៃប្រតិភូ ទៅក្នុងតំបន់ឆ្ងាយៗ ពិតជាបានឆ្លុះបញ្ជាំងពីតថភាពពិតប្រាកដនៃការខិតខំប្តូរផ្តាច់នៃមន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលពាក់ពន្ធ័ ក្នុងការអនុវត្តន៍ និងការសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់ក្នុងកាតព្វកិច្វ និងបេសកកម្មរបស់ខ្លួន។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវស្ថានភាពសុខាភិបាលនៅប្រទេសកម្ពុជា ដោយលើកអំពីប្រវត្តិសាស្ត្រនៃភាពជូរចត់ដែលបណ្តាលមកពីសង្គ្រាមរ៉ាំរ៉ៃ បំផ្លាញស្ទើរទាំងស្រុង ទាំងរចនាសម្ពន្ធ័ និងធនធានសុខាភិបាល (មនុស្ស) កត្តាប្រឈម និងផលលំបាកជាបន្តបន្ទាប់ រហូតសម្រេចបានវឌ្ឍនភាពនៃការស្តារប្រព័ន្ធសុខាភិបាលឱ្យបានគាប់ប្រសើរ និងកាន់តែឆ្លើយតបបានទៅនឹងតម្រូវការប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងជំនួយកន្លងមក ពីបណ្តាដៃគូសុខាភិបាល និងជាពិសេសចំពោះបណ្តាប្រទេសតំបន់ Nordic ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់លោកស្រី Astrid Krag KRISTENSEN តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណ និងកោតសរសើរសាជាថ្មីចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេសចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ហើយលោកស្រី ព្រមទាំងសមាជិក សមាជិកា ផ្សេងទៀត នៃគណៈប្រតិភូទាំងអស់គ្នា នឹងបន្តចូលរួមចំណែកគាំទ្រ ក្នុងភាពជាដៃគូ ក៏ដូចជាផ្តល់នូវជំនួយទាំងសម្ភារៈ និងស្មារតី ដើម្បីធ្វើឱ្យវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងភាពជាដៃគូ ក្នុងការលើកកម្ពស់សុខភាពប្រជាជន៕