(កំពង់ធំ)៖​ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ​ រសៀលថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ២០២៤ បានដឹកនាំប្រជុំដាក់ចេញវិធានការបង្រ្កាបល្បែងស៊ីសង និងល្បែងផ្សងសំណាងគ្រប់ប្រភេទនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួម ពីព្រះរាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលក្រុង ស្រុក ទាំង៩ លោកអធិការក្រុង ស្រុក និងលោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក។

លោកបានលើកឡើងនូវអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឲ្យបង្ក្រាបល្បែងស៊ីសងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព​។

លោកបានណែនាំដូចខាងក្រោម៖

ទី១៖​ រដ្ឋបាលខេត្តត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត១រូប ដែលមានមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកជាសមាជិក ដើម្បីបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ទី២៖​ រដ្ឋបាលខេត្ត ត្រូវអញ្ជើញប្រតិបត្តិករដែលកំពុងប្រកបអាជីវល្បែងគ្រប់ភេទនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ហើយមិនទាន់បានបំពេញលក្ខខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មមកប្រជុំនិងធ្វើការណែនាំឱ្យទៅបំពេញលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់ ករណីមិនសហការត្រូវអនុវត្តតាមច្បាប់។

ទី៣៖​ រដ្ឋបាលក្រុងស្រុក ត្រូវប្រជុំផ្សព្វផ្សាយ លិខិតគតិយុត្តនានា ពាក់ព័ន្ធការគ្រប់ល្បែងស៊ីសងគ្រប់ប្រភេទដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។

បន្ថែមពីនេះលោក ងួន រតនៈ បានដាស់តឿនអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ ត្រូវពិនិត្យទីកន្លែងដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព​ ជាពិសេសមន្ត្រីសមត្ថកិច្ចត្រូវដកខ្លួនចេញឲ្យឆ្ងាយ កុំឲ្យមានការពាក់ព័ន្ធបើមិនដូច្នេះទេត្រូវអនុវត្តន៍ទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ។

គួរបញ្ជាក់ថា នៅខេត្តកំពង់ធំ មានទីតាំងល្បែងចំនួន៣៩១ តែមាន៣ទីតាំងប៉ុណ្ណោះ មានច្បាប់អនុញ្ញាត៕