(ភ្នំពេញ)៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំជាប្រចាំ និងចង្អុលបង្ហាញ ដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខាន តែ បាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ។

ជាក់ស្តែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តចុះយុទ្ធនាការត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណីចិន វៀតណាម ទៅលើផលិតផល លក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ដែលមានទីតាំងនៅ ផ្លូវ ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នឱពេញ បានថ្លែងថា កិច្ចប្រតិបត្តិការត្រួតពិនិត្យនេះ មានការចូលរួមសហការពីនាយកដ្ឋានមន្ទីរពិសោធន៍ ក.ប.ប. និង ការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ។
ជាលទ្ធផល ផលិតផលពុំមានសាធាតុគីមីហាមឃាត់ទេ ប៉ុន្តែមានចាក់ចាហ៊ួយលើក្បាលបង្គារ ចំនួន២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាម ត្រូវបានរកឃើញ នៅលើរថយន្តដែលកំពង់ចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក ។

លោកហេង មាលី បានបន្តថា ដោយមានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោល នូវផលិតផលបង្គារ មានចាក់ចាហ៊ួយនេះ តាមនីតិវិធីនៅទីលានចាក់សម្រាម ខណ្ឌដង្កោ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ ដែលតាំងលក់ផលិតផល គ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ។
ក្នុងករណីផលិតផលណា ដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នក ទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាម CCF Complaint App នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ៕