(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជា នៃគណៈធម្មយុត្តិនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យធិការនៃពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនី រាជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយាងបើកសិក្ខាសាលាស្តីពីការតម្រង់ទិស ថ្នាក់ឧត្តមសិក្សា សម្រាប់និស្សិតវគ្គថ្មី ជំនាន់ទី១៩ ក្រោមប្រធានបទ «អនាគតយុវជន» នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យល័យព្រះសីហនុរាជា បានបញ្ជាក់ថា សិក្ខាសាលានេះ ប្រព្រឹត្តទៅដើម្បីផ្តល់ជាពុទ្ធិដល់យុវជនកម្ពុជា ដែលជាធនធានគន្លឹះឱ្យមានបញ្ញាស្មារតី សីលធម៌តម្លៃ និងបំណិនជីវិតល្អៗសម្រាប់ប្រើប្រាស់ក្នុងការ សិក្សារៀនសូត្រ ប្រកបរបរ ចិញ្ចឹមជីវិត ក៏ដូចជាក្នុងការរស់នៅ ឱ្យប្រកបដោយគុណធម៌ សុជីវធម៌ សីលធម៌ សេចក្តីថ្លៃថ្នូរ និងក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ។ ការរៀបចំព្រឹត្តិការណ៍នេះ គឺសំដៅរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍយុវជនឱ្យកាន់តែមានលក្ខណសម្បត្តិវជ្ជមាន និងផ្តល់ឱកាសឱ្យពួកគេបង្កើននូវសក្តានុពលរបស់ខ្លួន តាមរយៈការក្រេបជញ្ជក់ និងប្រមូលផ្តុំនូវចំណេះដឹងមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក៏ដូចជាចូលរួមកសាងធនធានមនុស្សដោយដើរស្របតាមគោលនយោបាយអភិវឌ្ឍយុវជនរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងបឋកថា បើកសិក្ខាសាលានេះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានផ្តល់ព្រះឱវាទជាគន្លឹះសំខាន់ៗ២ចំណុច ដើម្បីឱ្យសមណនិស្សិត និស្សិតទាំងអស់ស្វែងយល់ គឺទី១៖ តើយុវជនមានតួនាទីអ្វីខ្លះក្នុងការអភិវឌ្ឍសង្គម? ព្រោះថា យុវជន ជាកោសិកា ជាសរសៃឈាម និងជាកម្លាំងចលករលើកកម្ពស់មុខមាត់សង្គមជាតិ។ ដូចនេះយុវជន ត្រូវស្គាល់ពីតួនាទីរបស់ខ្លួន និងទទួលខុសត្រូវរាល់ ទង្វើដែលខ្លួនបានធ្វើ ចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ, ទី២៖ តើយុវជនគួរត្រៀមខ្លួនយ៉ាងដូច ម្តេចខ្លះដើម្បីក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិ? ជាការពិតសង្គមមួយដែលរីកចម្រើនខ្លាំងជាសង្គមដែលមានធនធានមនុស្សខ្លាំងពោល គឺជាធនធានមនុស្សដែលមានការអប់រំខ្ពស់ មានការគិតស៊ីជម្រៅ មានគំនិតច្នៃប្រឌិត មានភាពជាអ្នកដឹកនាំ និងមានភាពជាពលរដ្ឋល្អ។ មុននឹងអភិវឌ្ឍន៍សង្គមជាតិមួយឱ្យមានអ្វីៗគ្រប់យ៉ាង គឺមេដឹកនាំគ្រប់ជាន់ថ្នាក់ ឪពុក ម្តាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូគ្រប់រូប ត្រូវបណ្តុះផ្នត់គំនិតដល់ពលរដ្ឋយុវជន និងសិស្ស និស្សិតទាំងអស់ឱ្យមានគតិបណ្ឌិតក្នុងខ្លួន និងមានមនសិការស្នេហាសង្គមជាតិជាមុនសិន។

ទន្ទឹមនេះយុវជនគួរត្រៀមខ្លួន និងអភិវឌ្ឍខ្លួនដើម្បីជាជំហានឈានទៅចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ។ ដូច្នេះអ្នកត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ពោលគឺស្គាល់ពីចំណង់ ចំណូលចិត្ត ទេពកោសល្យ ចំណុចខ្លាំង ខ្សោយខ្លួនឯង ហើយចាប់ផ្ដើមកំណត់គោលដៅជីវិតឱ្យបានច្បាស់។ នៅពេលអ្នកស្គាល់ខ្លួនឯង ច្បាស់គឺអ្នកអាចជួយអភិវឌ្ឍន៍សង្គមជាតិទៅតាមគោលដៅជីវិតរបស់អ្នកបានយ៉ាងងាយស្រួលពេលនោះគោលដៅ នៅក្នុងជីវិតរបស់អ្នក ក៏ទទួលបានជោគជ័យ ហើយកិច្ចការជួយអភិវឌ្ឍន៍សង្គម ក៏អ្នកបានធ្វើ។

ក្នុងសិក្ខាសាលានេះសមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី រាជាទាំងអស់ ក៏បានស្តាប់ នូវបទពិសោធន៍ជីវិតជោគជ័យរបស់វាគ្មិន ៣រូបគឺលោកបណ្ឌិត ឆាត សុឆេត រដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា លោកគ្រូបណ្ឌិត ឃឹម សុខ ហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ និងលោកគ្រូ យ៉យ ពិសិទ្ធ គ្រូបង្វឹក ស៊ីអុីអូ ម៉ាស្ទ័រក្លឹប។

លោកគ្រូបណ្ឌិត ឃឹម សុខហេង បានថ្លែងថា ចំពោះសិក្ខាសាលានេះលោកបានលើកពីប្រធានបទ ពីកាលើកទឹកចិត្ត​ព្រោះដោយសារយុវជនយើង គឺជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ ហើយអ្វីដែលបានលើកឡើងនេះ គឺទាក់ទងទៅនឹងកាលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមដើម្បីឱ្យសិស្ស និស្សិត យុវជនមានកម្លាំងចិត្ត មានក្តីសង្ឃឹម ហើយកត្តាដែលជំរុញដើម្បីឈានដល់កាសម្រេចនៅក្តីស្រមៃរបស់គាត់នៅក្នុងជីវិត ឬគោលដៅនៅក្នុងជីវិត ហើយចំណុចសំខាន់ទី១៖ គឺសុខភាព ទី២៖ គឺទាក់ទងនឹងវិន័យ ការមានវិន័យទៅលើខ្លួនឯងនោះគឺជាកត្តាសំខាន់ ដើម្បីឱ្យយុវជ​នឈានទៅដល់មានចំនេះដឹងនៅក្នុងខ្លួនជាពិសេសគឺចំណេះជំនាញវិជ្ជាជីវៈយ៉ាងពិតប្រាកមួយ ហើយអ្វីដែលសំខាន់នោះដើម្បីសម្រេចនៅក្តីស្រមៃនោះ គឺជំនាញបច្ចេកវិទ្យាពោលគឺមកដល់សម័យបច្ចេកវិទ្យាទំនើប រួមទាំងភាសារហើយអ្វីដែលសំខាន់ជាងគេដែលឃើញថាយុវជនគាត់បានសម្រេចបាននូវគោលដៅនោះ គឺមិនអាចខ្វះបាននូវសីលសធម៌ គុណធម៌ និងសុជីវធម៌រស់នៅល្អនោះ ជាកត្តាដ៏សំខាន់ជាតម្លៃរបស់ប្រជាជនខ្មែរ ដែរដែលមានលក្ខណៈសុភាពរាបសារ មានការគោរពដឹងគុណដល់លោកគ្រូ អ្នកគ្រូផងដែរ។

មិនខុសគ្នាទៅនឹងវាគ្មិនទី១ លោកបណ្ឌិត ឆាត សុឆេត បានលើកឡើងថា សម្រាប់សិក្ខាសាលានេះ លោកសូមលើកឡើង៥ចំណុច ដើម្បីបញ្ជូនសារទៅកាន់យុវជន គឺទី១៖ យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ, ទី២៖ យុវជន ត្រូវចេះសេពគប់នៅកល្យាណមិត្ត (មិត្តល្អ), ទី៣៖ យុវជនត្រូវស្វែងរកកាងារស្ម័គ្រចិត្តធ្វើដើម្បីទទួលបាននូវបទពិសោធន៍, ទី៤៖ យុវជនទាំងអស់ ត្រូវមានសិលធម៌នៅក្នុងការរស់នៅ ហើយចំណុចទី៥៖ យុវជនទាំងអស់ ត្រូវលះបង់នូវអំពើអបាយមុខ។ ទាំង៥នេះហើយដែលលោកផ្ញើសារទៅយុវជន។

សម្រាប់វាគ្មិនទី៣ លោកគ្រូ យ៉យ ពិសិទ្ធ បានចែករំលែកបទពិសោធន៍ ដើម្បីឱ្យយុវជនមានធាតុចូល ហើយនៅពេលដែលគាត់មានធាតុចូលហើយនោះយុវជនទាំងអស់ងាយ​រៀបចំផែនការជីវិត របស់គាត់ទៅតាមអ្វីដែលគាត់ចង់បានពីព្រោះប្រសិនជាអត់ព័ត៌មានទេ គឺគាត់ពិបាកនៅក្នុងកាសម្រេចចិត្ត អ្វីដែលសំខាន់ គឺការរៀបចំតម្រង់ទិសនេះ វាជាការផ្តល់ព័ត៌មានឱ្យកាន់តែច្រើនតាមអ្វីដែលអាចធ្វើទៅបាន ដែលជាព័ត៌មានត្រូវងាយស្រួលបានជាធាតុចូល ងាយស្រួលសម្រេចចិត្តនៅក្នុងជីវិតរបស់គាត់។

បន្ទាប់ពីបានទទួលបានការបង្ហាញពីបំនិនជីវិត និងអនាគតយុវជន ជាមួយនឹងវាយគ្មិនដែលសុទ្ធសឹងតែជាអ្នកទទួលបានជោគជ័យ និងគាំទ្រជាច្រើនពីសំណាក់មហាជនជាពិសេស គឺយុជនទាំងតំណាងសិស្ស និស្សិតដែលកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី រាជា ក៏បានថ្លែងអំណរអរព្រះរាជគុណដល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលបានប្រារព្ធសិក្ខាសាលាបើកសិក្ខាសាលាស្តីពីការតម្រង់ទិសថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិត និងយុវជនទាំងអស់ បានសិក្សាស្វែងយល់ពីបំនិនជីវិត និងរៀបចំខ្លួននៅពេលអានាគត់។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនី រាជា បានកំពុងជំរុញលើកកម្ពស់យុវជនឱ្យក្លាយជាមូលធនមនុស្ស តាមរយៈការពង្រឹងគុណភាព អប់រំវិធីសាស្ត្រ បង្រៀនសាស្ត្រាចារ្យ កម្មវិធីសិក្សានិងបច្ចេក វិទ្យាទំនើប ចាប់តាំងពីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ដោយឡែកសិក្ខាសាលាស្តីពីការតម្រង់ទិសថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតវគ្គថ្មីជំនាន់ទី១៩ក្រោមប្រធានបទ «អនាគតយុវជន» នាពេលនេះគឺជាសក្ខីភាពបង្ហាញពីការលើកកម្ពស់សមត្ថភាពរបស់យុវជនដើម្បីអាចជ្រើសរើសយកមាគ៌ាដាក់លើផែនទីជីវិតដ៏ត្រឹមត្រូវដែលកើតឡើងពីការសម្រេចចិត្តប្រកបដោយ «មេត្តា សតិ បញ្ញា» និងឈរមូលដ្ឋាន លក្ខណៈវិទ្យាសាស្រ្តច្បាស់លាស់ ក្នុងគោលបំណងអភិវឌ្ឍគ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោក សំដៅឆ្ពោះទៅរកឧត្តមភាព និងមោទនភាពជាតិកម្ពុជាទាំងបច្ចុប្បន្ន និងពេលអនាគត៕