(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានអះអាងថា ប្រទេសកម្ពុជាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពេលនេះ កំពុងអនុវត្តសិទ្ធិសំខាន់ៗដោយស្មើភាពបីធំៗជាប្រវត្តិសាស្ត្រ មិនដូចអ្វីដែល លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជា តិប្រកូកប្រកាសនោះឡើយ។
ការចេញមុខបកស្រាយរបស់ លោក សួស យ៉ារ៉ា អ្នកនាំពាក្យ និងជាតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីលោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពីម្សិលមិញបានរិះគន់នៅក្នុងវេទិកាមួយខាងមុខទីស្នាក់ការគណបក្សប្រឆាំងថា ការប្រកួតប្រជែងនយោបាយនៅក្នុង ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានលក្ខណៈមិនស្មើភាពគ្នា ហើយគណបក្សកាន់អំណាច កំពុងមានប្រៀបជាងគណបក្សប្រឆាំង។
លោក អេង ឆៃអ៊ាង លើកឡើងថា «ឥឡូវនេះគូប្រកួតដែលមានគីឡូស្មើគ្នាហ្នឹង គេចងដៃចងជើង គេចោទប្រកាន់គេចាប់ចង ហើយឱ្យកូនចៅដូចពួកខ្ញុំ ទៅប្រកួតនោះ វាអត់ស្មើទេ ទាល់តែថាមេខាងនោះ និងមេខាងនេះ។ ពេលទៅស្មើគ្នាទើបវាមានតម្លៃ នេះគេហៅថាស្មើភាព មានយុត្តិធម៌ ប៉ុន្តែគូប្រកួតម្ខាងទៀត គាត់អាងគាត់មានអំណាចគាត់ធ្វើសកម្មភាពដោយសេរី ឯម្ខាងទៀត ម្នាក់អត់ឱ្យចូលស្រុក ហើយម្នាក់ទៀតគឺប៉ុនប៉ងចាប់ចង»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សួស យ៉ារ៉ា បានលើកឡើងថា សិទ្ធិស្មើភាពនៃនយោបាយនៅកម្ពុជាទាំង៣សំខាន់ៗនោះ រួមមាន៖
«...១៖ សិទ្ធិស្មើភាពទីមួយ ដោយតំណាងគឺការគោរពបាននូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដោយអនុញ្ញាត ឱ្យមានកៅអីគណបក្សប្រឆាំង នៅក្នុងរដ្ឋសភា គឺជាគោលការស្មើភាពដោយតំណាងតាមរយៈការបោះឆ្នោត ហើយបើប្រៀបធៀបសម័យរបបសាធារណរដ្ឋរបស់លន់ ណុល (គាំទ្រដោយសហរដ្ឋអាមេរិក) ឆ្នាំ១៩៧២-១៩៧៥ គឺមានតែគណបក្សសង្គមសាធារណរដ្ឋមួយគត់ ដែលជាម្ចាស់នៃវិមានរដ្ឋសភាជាតិចំនួន ១២៦កៅអី។ តើនោះជាប្រជាធិបតេយ្យស្មើភាពទេ? ដូច្នេះការស្មើភាពមិនមានន័យថា គ្រប់គណបក្សត្រូវមានកៅអីស្មើគ្នាក្នុងរដ្ឋសភាទេ បើដូចនេះមែននោះសិទ្ធិតំណាងរបស់ប្រជាជនអាចត្រូវបាត់បង់ ហើយព្រោះ លោក អេង ឆៃអ៊ាង ប្រហែលជាចង់បែងចែកកៅអីសភាឱ្យស្មើគ្នា ដោយមិនបាច់បោះឆ្នោតទើបហៅថា គីឡូស្មើគ្នា? ជារួមគណបក្សនយោបាយអាចស្មើគ្នា បានគឺស្មើចំពោះមុខច្បាប់គណបក្សនយោបាយ។ សម្រាប់ស្រុកខ្មែរចម្លែកដែរ ព្រោះអ្នកតំណាងខ្លះមិនចង់អង្គុយស្មើនៅក្នុងដំបូលរដ្ឋសភាទេ ហើយមានខ្លះចង់តែនៅក្រោយរនាំងដែក។
២៖ សិទ្ធិស្មើភាពទី២ សម្តៅការចូលរួមរបស់ស្ត្រី និងបុរសចំពោះសិទ្ធិធ្វើនយោបាយជាសិទ្ធិធំបំផុតទីពីរនៅកម្ពុជា និងអាចជាគំរូសម្រាប់ប្រទេស ក្រោយសង្គ្រាមស៊ីវិលលើពិភពលោក ព្រោះទាំងស្ត្រី ទាំងបុរសនៅកម្ពុជាមានសេរីភាពពេញទីដើម្បីចូលរួមការងារនយោបាយ បូករួមទាំងប្តីនិងប្រពន្ធ ក៍អាចជំរុញលើកទឹកចិត្តបានដែរ។ ដូច្នេះ លោក អ៊េង ឆៃអ៊ាង អាចឱ្យភរិយារបស់លោក ឬ សមាជិកស្ត្រីណាមួយនៃក្រុមគ្រួសារចូលធ្វើ នយោបាយដោយស្មើភាពព្រោះច្បាប់បានបើកកទូលាយ នេះហៅថាសមភាព យ័នឌ័រ ក្នុងនយោបាយ។
៣៖ សិទ្ធិស្មើភាពទី៣ ហើយដែលកំពុងពេញនិយម និងមានប្រជាប្រិយភាពបំផុតដែលកម្ពុជា មានលើសគេគឺសិទ្ធិប្រជាធិបតេយ្យអេឡិចត្រូនិច (e-Democracy)។ ករណីនេះយើងអាចមើលឃើញជាក់ស្តែងនឹងភ្នែកថា ប្រជាជនណាក៏ដោយ ម្នាក់ៗមានសិទ្ធិគ្រប់គ្នាដើម្បីភ្ជាប់បណ្តាញ ទំនាក់ទំនងសង្គមអេឡិចត្រូនិច ហើយបង្ហោះសារ និងថ្លែងសេចក្តីចង់បាន សេចក្តីទាមទារ សេចក្តីសាទរតាមគ្រប់រូបភាព។ ជាពិសេសបំផុត សម្តេចតេជោ ហ៊ុន សែន បានប្រើសិទ្ធិនៃបណ្តាញសង្គមយ៉ាងមានប្រសិទ្ធិភាព និងឈ្លាសវៃបំផុតក្នុងទំនាក់ទំនងសាធារណៈ រដ្ឋបាល និងការដោះស្រាយ សំណូមពរដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ។ សិទ្ធិស្មើភាពទី៣ សូមលោក អេង ឆៃអ៊ាង ជួយផ្តាំផ្ញើជូនមេដឹកនាំគណបក្ស របស់លោកផងថា អាចស្មើភាពបានចំពោះសិទ្ធិប្រើប្រាស់ Facebook, What'sapp និងប្រព័ន្ធដទៃទៀត តែសិទ្ធិនៃចំនួនអ្នកចូលចិត្ត (Like) អ្នកគាំទ្រ អ្នកទស្សនា អ្នកចែករំលែក អ្នកដោះស្រាយសំណូមពរប្រជាជនពិតប្រាកដ មិនអាចស្មើភាពទេ ព្រោះជាសិទ្ធិរបស់បុគ្គលអ្នកគាំទ្រទាំងអស់ ហើយក៏ពុំគួរតវាឡាំប៉ានាំខាតពេលទេ...»៕