(ភ្នំពេញ)៖ យោងតាមរបាយការណ៍បានបង្ហាញថា ការបើកបរលើសល្បឿនកំណត់ នៅតែជាមូលហេតុចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣។ របាយការណ៍បានបង្ហាញថា គ្រោះថ្នាក់បង្កឡើងដោយការបើកបរលើសល្បឿនកំណត់ស្មើនឹង៤១ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍សរុប។
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តជាកត្តានាំមុខ ដែលឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។ របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ៣,៣១៧ករណី បណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតមនុស្ស ១,៥៩០នាក់។
តាមតួលេខខាងលើ ក្រសួង-ស្ថាប័នពាក់ព័ន្ធ មានកាតព្វកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ ជាពិសេសការធានាឱ្យមានការបើកបរតាមល្បឿនដែលបានកំណត់ និងទាមទារឱ្យមានការចូលរួមជាចាំបាច់ពីប្រជាពលរដ្ឋជាអ្នកបញ្ជាយានយន្ត។
ទន្ទឹមនឹងនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វេីការសិក្សាពីការកែសម្រួលផ្លាកសញ្ញាកំណត់ល្បឿន និងកែសម្រួលអនុក្រឹត្យស្តីពីការកំណត់ល្បឿន ដែលអាចនឹងស្នេីសុំការអនុម័តពីរាជរដ្ឋាភិបាល ដេីម្បីដាក់ចេញឱ្យប្រេីប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវប្រជាពលរដ្ឋអ្នកបើកបរគ្រប់រូប មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសកុំបើកបរលើសល្បឿនដែលបានកំណត់ ដើម្បីបញ្ចៀសសោកនាដកម្មលើដងផ្លូវ ដែលអាចនឹងក្លាយជាមច្ចុរាជឆក់យកអាយុជីវិតបានគ្រប់ពេលវេលា៕