(ភ្នំពេញ)៖​ ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ​ ខែកុម្ភៈ ឆ្នាំ២០២៤​ ។

នាឱកាសនោះក៏បានផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៤ (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤) និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា (ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ក៏ដូចជា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា នាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូនផងដែរ៕