(ភ្នំពេញ)៖ ជ្រូកខ្វៃ គឺជាសំណែនក៏សំខាន់ ដែលកូនខ្មែរកាត់សែស្រឡាយចិន តែងតែនិយមយកមកសែន នៅតាមគេហដ្ឋាន ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ ដោយពួកគេមានជំនឿថា ការសែនជ្រូកខ្វៃនៅថ្ងៃសែនចូលឆ្នាំចិន នឹងអាចនាំមកសំណាង លាភជ័យ និងសម្រេចជោគជ័យរាល់កិច្ចការ និងការរកស៊ីមានបាន ដល់គ្រួសារនីមួយៗ។
នៅតាមដងផ្លូវខ្លះ និងនៅតាមផ្សារមួយចំនួន ជាពិសេសនៅផ្សារអូឫស្សី គេឃើញមានជ្រូកខ្វៃជាច្រើនត្រូវបានព្យួរ នៅតាមតូបនីមួយៗ សម្រាប់លក់បំពេញតម្រូវការសែនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន ។
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរ កាត់សែស្រឡាយចិន រៀបចំសែនទៅតាមទម្លាប់របស់ខ្លួន។ បើទោះបីជាកៀកដល់ថ្ងៃសែនហើយក្តី ប៉ុន្តែអ្នកលក់ជ្រូកខ្វៃមួយចំនួន បានលើកឡើងថា នៅឆ្នាំនេះ ការកក់ ឬការមកទិញដោយផ្ទាល់មានចំនួនតិចនៅឡើយ ខុសប្លែកពីរាល់ឆ្នាំ បើទោះបីជាតម្លៃជ្រូកខ្វៃឆ្នាំនេះនៅថេរ ហើយកន្លែងខ្លះចុះថោកជាងឆ្នាំមុនក៏ដោយ។
អ្នកលក់ជ្រូកខ្វៃមួយចំនួន នៅផ្សារអូឫស្សីបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា តម្រូវការជ្រូកខ្វៃយកទៅសែនចិនឆ្នាំនេះ ហាក់មិនសូវមានសន្ទុះដូចឆ្នាំមុនកូវីដ១៩ និងឆ្នាំមុននោះដែលប្រហែល ជាអាចមកពីកត្តាជីវភាពប្រជាពលរដ្ឋ ដែលពួកគេជួបបញ្ហាសេដ្ឋកិច្ច។
កំពុងរៀបរាប់ពីតម្លៃជ្រូកនីមួយៗដល់ភ្ញៀវលោក នូ សំអាត ដែលបានដាក់ព្យួរលក់ជ្រូកខ្វៃនៅកាច់ជ្រុងផ្សារឫស្ស៊ី បានប្រាប់ថា បើទោះបីជាកៀកចូលឆ្នាំចិនក្តី ប៉ុន្តែភ្ញៀវតិចណាស់ ដែលបានមកទិញជ្រូកខ្វៃសម្រាប់យកទៅសែន។ ធ្លាប់តែទទួលបានការកុម៉្មង់ប្រមាណជាង ៣០០ក្បាល ប៉ុន្តែឆ្នាំនេះ រហូតមកដល់ថ្ងៃទី៨ ខែកុម្ភៈ ដែលមុនមួយថ្ងៃនៃការសែនចិន លោកទទួលបានការកុម្ម៉ង់ត្រឹមតែ ១០០ក្បាលប៉ុណ្ណោះ។
លោក ភុំ រី ដែលកំពុងអង្គុយហៅភ្ញៀវចូលទិញជ្រូកខ្វៃរបស់ខ្លួន បានឱ្យដឹងដែរ ការលក់ជ្រូកខ្វៃឆ្នាំហាក់ស្ងាត់ ខុសពីឆ្នាំមុនដែលការលក់ គឺដាច់គ្រាន់បើ។ តែយ៉ាងណាលោករង់ចាំមើលថ្ងៃសែន ក្រែងមានអ្នកមកសម្រុកទិញ៕