(ភ្នំពេញ)៖ លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តំណាង លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងលោក សេង គន្ធ ជាអភិបាលរងខណ្ឌ រៀបចំបើកវគ្គផ្សព្វផ្សាយមួយស្ដីអំពី «សុវត្ថិភាព ម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់» ប្រាប់ដល់អាជីវករ ពាណិជ្ជករ ប្រធានផ្សារ និងប្រជាពលរដ្ឋប្រមាណ១៥០នាក់ នៅក្នុងខណ្ឌ ពោធិ៍សែនជ័យ។
លោក សេង គន្ធ បានណែនាំដល់អាជីវករ អ្នកលក់ដូរ ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្ត ទុកដាក់ដល់បទបង្ហាញរបស់មន្ត្រីជំនាញ អគ្គនាយកដ្ឋានកាំកុងត្រូល ដែលមានសារសំខាន់ដល់ជីវភាពសុខភាពរបស់ប្រជាពលរដ្ឋ ទាំងអស់ ក្នុងប្រទេសកម្ពុជា។ លោក ជា អ៊ាកឃីម អនុប្រធាននាយកដ្ឋានមន្ទីរពិសោធន៍បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ មានប្រធានបទសំខាន់ៗ មួយចំនួន ដែលធ្វើឡើងក្នុងគោលបំណងណែនាំ ឲ្យអ្នកនាំទំនិញចូល អ្នកផលិតទំនិញម្ហូបអាហារ អ្នកចែកចាយផលិតផលម្ហូបអាហារ ដើម្បីឱ្យពួកគាត់ទទួលបានការយល់ដឹង អំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ចំណីអាហារ និងផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់ ក្នុងចំណីអាហារ ក៏ដូចជាកង្វះអនាម័យ ក្នុងចំណី អាហារជាដើម។ វគ្គផ្សព្វផ្សាយនេះ ក៏បានដាក់បញ្ចូលផងដែរ នូវចំណេះដឹងជាមូលដ្ឋានទាក់ទងទៅនឹងបទដ្ឋានគតិយុត្ត និងទោសបញ្ញត្តិមួយចំនួន ដែលមានចែងក្នុងច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ក៏ដូចជាតួនាទី ភារកិច្ចនិងកាតព្វកិច្ច របស់មន្រ្តីកាំកុងត្រូលនៅតាមព្រំដែន និងនៅលើទីផ្សារ វិធានការណ៍ ដែលត្រូវអនុវត្ត ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារព្រមទាំង ប្រភពនៃការចម្លងមេរោគពីមនុស្សទៅម្ហូបអាហារផងដែរ។ នៅពេលប្រកាសបិទវគ្គផ្សព្វផ្សាយខាងលើ លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកសុវត្ថិភាពម្ហូបអាហារ ជាវិស័យអទិភាពទី១ ក្នុងចំណោមវិស័យអទិភាពទាំង១២ និងបានអំពាវនាវផងដែរ ដល់បងប្អូនអាជីវករ ផលិករ និងប្រជាពលរដ្ឋ មេត្តាបន្តកិច្ចសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ដែលអនុវត្តច្បាប់ពាក់ព័ន្ធ នឹងគោលការណ៍ស្ដីពី សុវត្ថិភាព ម្ហូបអាហារ ក្នុងស្មារតីទទួលខុសត្រូវឲ្យបានខ្លាំងក្លាបំផុត»។
លោក លឿង រដ្ឋា បានអំពាវនាវដល់អាជីវករ ពាណិជ្ជករ ដែលធ្វើពាណិជ្ជកម្ម អាជីវកម្ម មេត្តាបន្តកិច្ចសហការ ជាមួយសមត្ថកិច្ច នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាសមត្ថកិច្ចផេ្សងៗទៀត ដើម្បីរួមចំណែកអនុវត្ត តាមគោលការណ៍ស្តីពី សុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីមួយទទួលខុសត្រូវ ជាមួយសមត្ថកិច្ច ទាំងអស់គ្នាផងដែរ។ លោកក៏បានគាំទ្រដល់សាលារាជធានីភ្នំពេញ ដែលបាន សហការយ៉ាងល្អក្នុងកិច្ចការ គ្រប់គ្រងគុណភាព សុវត្ថិភាព ម្ហូបអាហារ ដោយបានបង្កឲ្យមានវគ្គផ្សព្វផ្សាយនេះ ជាពិសេសសកម្មភាព ប្រហាក់ប្រហែលគ្នានេះ នឹងបន្តអនុវត្តតាមកម្មវិធីជាក់លាក់ របស់អគ្គនាយកដ្ឋាន ទៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ហើយនឹងបន្ត ទូទាំងប្រទេសផងដែរ ។
ជាមួយគ្នានោះ លោកអគ្គនាយករង ក៏បានថ្លែងថា មន្រ្តីកាំកុងត្រូល ប្រៀបដូចជាវេជ្ជបណ្ឌិត មួយរូបដែរ ក្នុងការជួយព្យាបាលប្រជាពលរដ្ឋ កុំឲ្យមានជំងឺ ព្រោះថា ការចុះពិនិត្យទំនិញតាមទីផ្សារ គឺដើម្បី សុវត្ថិភាព ម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់ ជូនប្រជាពលរដ្ឋយើង ។ ជាមួយគ្នានោះ លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់កិច្ចគាំទ្ររបស់សាលារាជធានីភ្នំពេញ ក៏ដូចជាការសហការល្អរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងកម្មវិធីស្តីពី សុវត្ថិភាពម្ហូបអាហារ និងការពារអ្នកប្រើប្រាស់ ដោយបង្កឲ្យវគ្គផ្សព្វផ្សាយ នេះ ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានលទ្ធផលល្អ ៕