(ឧត្តរមានជ័យ)៖ លោកស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា វត្តមានរោងចក្រកែច្នៃកាន់តែច្រើនក្នុងខេត្តឧត្តរមានជ័យ និងចូលជួយដល់វិស័យកសិកម្ម-ឧស្សាហកម្ម ក្នុងខេត្តកាន់តែរីកចម្រើនថែមទៀត ជាពិសេសនឹងចូលរួមបង្កើតឱកាសការងារ និងកំណើនជីវភាព ការអភិវឌ្ឍធនធានមនុស្សតាមរយៈការអភិវឌ្ឍជំនាញ និងបែបស្តង់ដារការងារលើគ្រប់កម្រិត ព្រមទាំងការយល់ដឹងបន្ថែមដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម។

លោកស្រី មិន ធារី បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាឱកាសតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ សម្ពោធរោងចក្រកែឆ្នៃដំឡូងមីរបស់ក្រុមហ៊ុន ធី.ដាប់ប៊លយូ.ភី.សុី(TWPC)អុីនវេសមិន(ខេមបូឌា)ឯ.ក ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជាច្រើនរូបទៀត។

នាឱកាសនោះដែរក្នុងនាមលោក ប៉ែន កុសល្យ លោកស្រី មិន ធារី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបង្កើតរោងចក្រកែឆ្នៃដំឡូងមីដ៍ធំមួយនេះនៅក្នុងទឹកដីខេត្តឧត្តរមានជ័យ ដែលជាប្រយោជន៍ស្រូបយកវត្ថុធាតុដើមក្នុងស្រុកធ្វើការកែឆ្នៃ បង្កើនតម្លៃបន្ថែម ជួយរកទីផ្សារដំឡូងមី និងបង្កើតការងារនៅក្នុងមូលដ្ឋាន។

លោកស្រី មិន ធារី បានថ្លែងលើកឡើងថាការវិនិយោគនៅក្នុងខេត្តឧត្តរមានជ័យ គឺមានឱកាសរីកចម្រើនទៅមុខច្រើន និងលឿន ដោយកត្តាអនុគ្រោះធំៗដូចជា យើងមានផ្ទៃដីធំទូលាយ និងមានលក្ខណៈអំណោយផលដល់វិស័យកសិកម្ម។ សម្បូរដីមានជីជាតិ អនុគ្រោះដល់ដំណាំកសិកម្ម និងដំណាំកសិ-ឧស្សាហកម្ម។ មានធនធាន និងកម្លាំងពលកម្មគ្រប់គ្រាន់។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នឹងផ្តល់ការគាំទ្រ គាំពារ និងលើកទឹកចិត្ត ព្រមទាំងនឹងផ្តល់កិច្ចអន្តរាគមន៍ស្របតាមនិតិវិធីច្បាប់ រាល់បញ្ហាដែលវិនិយោគគិនជួបប្រឈម។ បណ្តាញតភ្ជាប់គមនាគមន៍ផ្ទៃក្នុងមានភាពល្អប្រើសើរ អនុគ្រោះដល់ការចល័ត និងដឹកជញ្ជូនទំនិញ កសិផល និងផលិតផល ពិសេសគឺការតភ្ជាប់ពាណិជ្ជកម្មរវាង កម្ពុជា.ថៃ ដោយសារយើងមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន៣ជាមួយខេត្ត៣របស់ប្រទេសថៃ៕