(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវលទ្ធផលផ្លែផ្កាធំៗចំនួន៣ នៃដំណើរទស្សនកិច្ចពេញមួយថ្ងៃម្សិលមិញរបស់សម្ដេច ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។

លទ្ធផលផ្លែផ្កាដែលសង្ខេបផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នោះរួមមាន៖

*ទី១៖ នយោបាយការទូត សន្ដិសុខ៖ ភាគីទាំងពីរបានជជែកគ្នាច្រើន ដោយផ្ដោតលើការបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងតម្លើងកម្រិតនៃទំនាក់ទំនងទ្វេភាគីពី «ភាពជាដៃគូរឹងមាំ ដើម្បីសន្ដិភាព និងវិបុលភាព នៅឆ្នាំ២០១៧» ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រ» ដែលជាចំណុចខ្ពស់បំផុតនៃប្រវត្តិទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ។

ឆ្លងកាត់ការតម្លើងកម្រិតនៃទំនាក់ទំនងនេះ នឹងពង្រីកនូវវិសាលភាពនៃទំនាក់ទំនងលើគ្រប់វិស័យ ហើយទំនាក់ទំនងនោះមិនមែនតែរាជរដ្ឋាភិបាលនោះទេ ពោលប្រជាពលរដ្ឋក្នុងវិស័យឯកជន វិស័យអប់រំ វប្បធម៌ កសិកម្ម គឺបើកច្រកក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។

*ទី២៖ សេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមមួយចំនួន ហើយរាជរដ្ឋាភិបាលថៃក៏បានឯកភាព និងពិភាក្សាគ្នាបន្ដ ដើម្បីពង្រឹងយន្ដការក្នុងការពង្រឹងពាណិជ្ជកម្មទំនាក់ទំនងជាមួយគ្នា។ សម្ដេចធិបតី ក៏បានជួបជាមួយវិស័យឯកជនរបស់ថៃ តាមរយៈការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ថៃ សំដៅទាក់ទាញវិនិយោគមកកាន់កម្ពុជា។

គោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ដូច្នេះហើយទើបសម្ដេចខិតខំគៀរគរអ្នកវិនិយោគតាំងពីទ្វីបអឺរ៉ុប និងទ្វីបអាស៉ីតែម្ដង។ ក្នុងឱកាសនោះ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា MoU ចំនួន៥ រួមទាំងកិច្ចព្រមព្រៀងរវាងស្ថាប័នគយកម្ពុជា-ថៃ ដើម្បីសម្រួលកិច្ចការងារនេះ។

កម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៉ីគ្នា បន្ទាប់ពីបញ្ហានេះបានជាប់គាំងប្រមាណ២០ឆ្នាំមកហើយ។ ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតស៉ីគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិដូចជនអគតិលើកឡើងឡើយ។

*ទី៣៖ ការងារពលករ៖ រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចទទួលខុសត្រូវតាមរដ្ឋធម្មនុញ្ញ ត្រូវគាំពារប្រជាពលរដ្ឋខ្មែរទោះនៅទីណាក៏ដោយ ដូច្នេះនៅប្រទេសថៃ ភាគីទាំងពីរបានឯកភាពគ្នា ដោយកម្ពុជាសម្រេចបង្កើតអគ្គកុងស៊ុលមួយ នៅខេត្តសុងក្លា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគាំពារដល់ប្រជាពលរដ្ឋដែលធ្វើការនៅភាគខាងត្បូងថៃ, កាត់បន្ថយតម្លៃទិដ្ឋាការដោយអនុវត្តបន្ដរហូតដល់ឆ្នាំ២០២៧, ចល័តរបបសន្ដិសុខសង្គមរវាងប្រទេសទាំងពីរ និងរាប់ទាំងអតីតភាពការងារជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំភាគីថៃផ្ដល់ទិដ្ឋាការការងារនៅលើលិខិតធ្វើដំណើរឲ្យពលករ នៅពេលឆ្លងច្រកអន្ដោប្រវេសន៍ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពលករ និងម្យ៉ាងដើម្បីកាត់បន្ថយការចំណាយ ដោយមិនចាំបាច់ធ្វើដំណើរពីតាមបណ្ដាខេត្ត ដើម្បីមកស្ថានទូតនោះឡើយ៕