(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍១៣ចំណុច ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានាស្របតាមនិន្នាការតំបន់ និងសាកលលោកប្រកបដោយភាពទន់ភ្លន់រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណងប្រជាជនម្នាក់ មានអាជីពមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ទាំងនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

​អនុសាសន៍បន្ថែមមួយចំនួន​ដែលសម្តេចបានដាក់ចេញ ដើម្បីជំរុញវិស័យការងារនៅកម្ពុជាកាន់តែប្រសើរឡើង រួមមាន៖

​ទី១. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយសម្រួលការផ្តល់សេវាផ្សេងៗ និងកម្រងសេវាសាធារណៈ ឱ្យឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ។

ទី២. ចំពោះការងារអធិការកិច្ច, ខ្ញុំលើកទឹកចិត្តឱ្យ ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ត្រូវបន្តដឹកនាំយន្តការងារនេះ​ប៉ុន្តែ អធិការកិច្ចត្រូវធ្វើឡើងតែមួយដងគត់ ក្នុង១ ឆ្នាំលើគោលដៅតែមួយ ទៅតាមការចាំបាច់ និងតាមការជ្រើសរើស លើកលែងតែមានបណ្ដឹងពីបងប្អូន កម្មករ-និយោជិត ឬមានឧបទ្ទវហេតុណាមួយកើតឡើង។ ជាមួយគ្នានេះ, ក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដឹកនាំការធ្វើអធិការកិច្ចអន្តរក្រសួង ដើម្បីលុបបំបាត់ពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យអនុវត្តអនុសាសន៍គន្លឹះទាំង ១០ ចំណុច របស់សម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍ ១០ចំណុច ដែលខ្ញុំបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ទី៤. ត្រូវបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន ដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ប្រកបដោយគុណភាព ស្របតាម អភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» និង ពង្រីកវិសាលភាពបន្ថែមដល់ក្រុមគោលដៅសំខាន់ៗ មួយចំនួនទៀត ឱ្យទទួលបានការបណ្ដុះបណ្ដាលជំនាញពីកម្មវិធីនេះ ដូចជា បុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ, យុវជនជន់ដែលងាយរងគ្រោះ និងសហគ្រិនជាដើម ។

ទី៥. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តបង្កើនការបណ្ដុះបណ្តាលជំនាញ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់បំពេញតួនាទីជាអ្នកគ្រប់គ្រង់ថ្នាក់កណ្តាល នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាស​ គ្រឹះស្ថាន ហើយកម្មវិធីបណ្តុះបណ្តាលនេះ ត្រូវរៀបចំឱ្យមានការចុះកម្មសិក្សា, អនុវត្តការងារជាក់ស្ដែង នៅតាមសហគ្រាស គ្រឹះស្ថាន រយៈពេលពី ៤ ខែ ទៅ ៦ ខែ ដើម្បីធានាឱ្យបាននូវគុណភាព, សមត្ថភាព, ជំនាញ, ផលិតភាព និងភាពប្រកួត- ប្រជែងខ្ពស់ ។

ទី៦. ត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករ-និយោជិតដែលកំពុងបំពេញការងារ គ្មានជំនាញ, មិនមានជំនាញគ្រប់គ្រាន់ ឬ ខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ពីការប្រែប្រួលនៃបច្ចេកវិទ្យា និងពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ​ ការជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងការផ្ដល់ឱកាស ចុះកម្មសិក្សា, ទទួលការបណ្ដុះបណ្ដាល និងបង្កើនសមត្ថ​ភាពកម្មករ​ និយោជិត នៅនឹងកន្លែងការងារ​ ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាលឌីជីថល នៅកន្លែងការងារ, កម្មវិធីបែបចម្រុះ ឬ ឆ្លាស់ ជាពិសេសការផ្ដល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្ន, និងការអនុវត្តការទទួល ស្គាល់ជំនាញគ្នាទៅវិញទៅមក ក្នុងតំបន់អាស៊ានជាដើម ។

ទី៧. ត្រូវបន្តជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ស្របតាមច្បាប់ស្ដីពីការងារ តាមរយៈការពិនិត្យលទ្ធភាពក្នុងការទទួលយកសិស្សចូលហាត់ការ ក្នុងសហគ្រាស-គ្រឹះស្ថាន ដើម្បីអាចរាប់បញ្ចូលជាការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយផ្តល់ព័ត៌មាន និងចុះឈ្មោះមកកាន់ នាយកដ្ឋានអធិការកិច្ច ក្រោមការសហការជាមួយអង្គការអន្តរជាតិខាងការងារ។ ក្នុងន័យនេះ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ប្រកបដោយភាពបត់បែន និងផ្តល់ជម្រើសសម្រាប់សហគ្រាស-គ្រឹះស្ថាន ដែលបង្កលក្ខខណ្ឌ ងាយស្រួល ក្នុងការចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយម្ចាស់សហគ្រាស-គ្រឹះស្ថាន មានជម្រើស ដូចខាងក្រោម៖

- ជម្រើសទី១: ផ្តល់កម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករ-និយោជិតរបស់ខ្លួនដោយផ្ទាល់បាន ។
- ជម្រើសទី២: ជ្រើសរើសសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាចេញពីគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអាចចុះកម្មសិក្សានៅតាម សហគ្រាស-គ្រឹះស្ថានរបស់ខ្លួនបាន ។
- ជម្រើសទី៣: អាចបញ្ចូនវិស្វករ ឬ អ្នកជំនាញ នៅតាមសហគ្រាស-គ្រឹះស្ថានរបស់ខ្លួន ដើម្បីធ្វើបទបង្ហាញ ឬ បាឋកថា ចែករំលែកចំណេះដឹង, ជំនាញ និងបទពិសោធ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

​ទី៨. ជាមួយនឹងការជំរុញយុទ្ធនាការថ្នាក់ជាតិស្តីពី «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ», ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តការយកចិត្តទុកដាក់លើកកម្ពស់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សហគ្រិន និងកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងពលករខ្មែរនៅក្រៅប្រទេស ដើម្បីទទួលបាននូវការការពារសិទ្ធិ, ជំនាញវិជ្ជាជីវៈ និងកិច្ចគាំពារ​សង្គម។ ជាមួយគ្នានេះ, ត្រូវបង្កើនប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធ តុលាការ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ, តំណាងនិយោជក, តំណាង កម្មករ-និយោជិត, និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ។

ទី៩. ដើម្បីបន្តលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់បងប្អូនកម្មករ-និយោជិត, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (OSH) នៅកន្លែងធ្វើការ ឱ្យបានកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ការងារ និងហានិភ័យនានា ។

ទី១០. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេស សំដៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ, និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និង គ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ។

ទី១១. ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តជំរុញការសិក្សាស្រាវជ្រាវ, នវានុវត្តន៍ និងបច្ចេកវិទ្យានវានុវត្តន៍ តាមរយៈការបង្កើតផលិតផលដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យ ឧស្សាហកម្ម ធ្វើពាណិជ្ជបនីយកម្ម (commercialization), ការជំរុញការបង្កើន មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្ត, ការកៀរគរមូលនិធិជាតិដើម្បីគាំទ្រដល់ការស្រាវជ្រាវ, ការជំរុញឱ្យមានការរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិ និង ការបង្កើនការចូលរួម ការប្រកួតប្រជែងអន្តរជាតិ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន តាមរយៈការរៀបចំឱ្យមាន កិច្ចសន្ទនារវាងរដ្ឋ, ឯកជន និងដៃគូអភិវឌ្ឍន៍ ឱ្យបានជាប្រចាំ, ការជំរុញការបង្កើតគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបន្ថែម នៅតាមតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្ម​ និងការពង្រឹង ពង្រីកក្រុមប្រឹក្សាជំនាញតាមវិស័យ ។

ទី១២. ត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈ ការពង្រឹង ប្រសិទ្ធភាពនៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ការពិនិត្យការ រៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមដល់សហគ្រិន និងកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត និងការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្ត ប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខសង្គមផ្នែកប្រាក់សោធន សំដៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ ។

និង​​ទី១៣. ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្តដល់ គ្រប់ក្រសួង-ស្ថាប័ន, សូមបន្តចូលរួម ក្នុងស្មារតីបុរេសកម្ម ក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហ​មជ្ឈការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ, កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ, និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ សំដៅឆ្លើយតបនឹងសំណូមពររបស់វិស័យឯកជន៕