(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ការថ្លែងរបស់សម្តេចធិបតី ដោសសារតែមហាជនយល់ច្រឡំថា ការចុះ «សង្ក្រាន្តនៅថៃ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ធ្វើឲ្យសង្ក្រាន្តនេះ ក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ថៃ។ ផ្ទុយទៅវិញ សម្តេចធិបតី បានថ្លែងទៀតថា សង្ក្រាន្តនេះ មាននៅប្រទេសដែលកាន់ពុទ្ធសាសនា ហើយថៃបានស្នើសុំចុះ «សង្រ្កាន្តនៅថៃ» ចំណែកកម្ពុជា ក៏នឹងស្នើសុំចុះ «សង្ក្រាន្តនៅកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដូចគ្នាបានផងដែរ នៅថ្ងៃក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបបួលឯកឧត្តម សេដ្ឋា (នាយករដ្ឋមន្ត្រីថៃ) ឥលូវជិតចូលឆ្នាំហើយ យើងចូលឆ្នាំទាំងពីរ។ រឿងហ្នឹង ក៏មានការយល់ច្រឡំច្រើន គឺថៃគាត់សុំចុះបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ សង្ក្រាន្ត (នៅថៃ)។ ថៃ អត់មានទៅយករបស់ខ្មែរចុះនោះទេ។ សង្ក្រាន្តនេះ វានៅមានប្រទេសដែលកាន់ព្រះពុទ្ធសាសនា សង្ក្រាន្តនៅកម្ពុជា និងសង្ក្រាន្តនៅថៃ គាត់ចុះសង្ក្រាន្តនៅថៃ។ យើងក៏មានដែរ ក្រសួងវប្បធម៌ ទៅថ្ងៃមុខក៏កំពុងពិចារណាដាក់សង្ក្រាន្តនៅកម្ពុជា ជាបេតិកភណ្ឌដែរ»។

សម្តេចបានបន្តថា «វប្បធម៌ វាស្រដៀងគ្នា ដូចស្រដៀងរវាងមួយថៃ និងគុនខ្មែរ។ សង្ក្រាន្ត ដែលថៃចុះ គឺ Songkran in Thailand កម្ពុជា ក៏មានសិទ្ធិចុះសង្ក្រាន្តនៅកម្ពុជាដែរ។ វាអត់មានអីខុសទេ សុំបញ្ជាក់។ ហើយកុំឲ្យយករឿងយល់ច្រឡំ ទៅឈ្លោះគ្នារវាងប្រទេសជាតិឲ្យសោះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។

សូមជម្រាបថា សព្វថ្ងៃ មានប្រទេសជាច្រើនលើលោកនេះ ដែលប្រារព្ធសង្ក្រាន្ត រួមមាន៖ បង់ក្លាដេស, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ស្រីលង្កា, ថៃ, ផ្នែកនៃភាគឦសាននៃប្រទេសឥណ្ឌា, ផ្នែកនៃប្រទេសវៀតណាម និងក្រុងស៊ីហ្សួងបាន់ណា (Xishuangbanna) ប្រទេសចិន។

ករណីដែលថៃចុះ «Sangkran in Thailand»«សង្ក្រាន្តនៅថៃ» តែឯង នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីសង្រ្កាន្តនៅកម្ពុជា ឬនៅប្រទេសផ្សេងទៀត នាពេលខាងមុខទេ។

ពាក្យសង្រ្កាន្តមានលើសិលាចារិកនៅប្រាសាទយើង។ សង្រ្កាន្ត ជាពាក្យសំស្រឹ្កតមានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ទោះជាពិធីប្រារព្ធសង្រ្កាន្តឆ្នាំថ្មី មានប្រភពពីកម្ពុជា ប៉ុន្តែពិធីនេះបានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួន។ ដូច្នេះសង្រ្កាន្តមកទល់បច្ចុប្បន្ន បានក្លាយជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិមួយចំនួន នៅអាស៊ីអាគ្នេយ៍រួចទៅហើយ ហើយបានក្លាយជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។

សម្បត្តិបេតិកភណ្ឌអរូបី គឺនៅជាប់នឹងមនុស្ស ព្រោះចំណេះដឹង និងទំនៀមទម្លាប់ ឬការអនុវត្តរបស់ប្រជាជនពីយូរលង់រៀងមក មិនមែនស្ថិតក្នុងព្រំដែនបច្ចុប្បន្ននៃប្រទេសនីមួយៗក្នុងសតវត្សទី២០-២១ នេះទេ គឺវាឆ្លងចុះ ឆ្លងឡើង ចំណេះខ្លះនៅអាចរក្សាអត្តសញ្ញាណពិសេសរបស់ខ្លួនបាន ខ្លះទៀតក្លាយ ឬប្រែរូបភាពទៅតាមបរិបទដែលខ្លួនកំពុងស្ថិតនៅ។

នីតិវិធីរបស់អង្គការយូណេស្កូ តម្រូវឱ្យគ្រប់ប្រទេសអាចចុះបញ្ជីបេតិកភណ្ឌអរូបី រយៈពេល ២ឆ្នាំម្តង៕