(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៉ីគ្នា បន្ទាប់ពីបញ្ហានេះបានជាប់គាំងប្រមាណ២០ឆ្នាំមកហើយ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសថៃ ពេញមួយថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចធិបតី ហ៊ុន ម៉ាណត បានអះអាងថា ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតស៉ីគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិដូចជនអគតិលើកឡើងឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការមួយទៀតដែលយើងបានឯកភាពគ្នា ដែលគាំង២០ឆ្នាំមកហើយ គឺឯកភាពគ្នាការចាប់ផ្ដើមគិតគូរ អំពីការទាញផលរួមនៅតំបន់ត្រួតស៉ីគ្នានៃប្រេងកាតដែលយើងមាន នេះហើយដែលគេជេរខ្ញុំថាក្បត់ជាតិ [...] តើទាញផលប្រយោជន៍ដើម្បីជាតិ និងប្រជាជន ហើយធានាសន្ដិសុខថាមពលរបស់យើងរយៈពេលវែងជាការក្បត់ជាតិមែនឬទេ?»

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, មូលហេតុដែលកម្ពុជា និងថៃ ជជែកគ្នាដើម្បីយកផលប្រយោជន៍នេះ ព្រោះយល់ឃើញថា សន្ដិសុខថាមពល ជាយុទ្ធសាស្ដ្រយូរអង្វែងរវាងកម្ពុជា-ថៃ។ បើគ្មានថាមពលទេនោះ អ្វីៗក៏មិនអាចដំណើរការបាននោះដែរ ពោលសូម្បីតែមនុស្សក៏ដូចគ្នាដែរ បើគ្មានថាមពលទេនោះមិនអាចធ្វើអ្វីបានឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា នៅតំបន់ត្រួតស៉ីគ្នានេះ ក្រៅពីប្រេងកាត ក៏មានឧស្ម័នធម្មជាតិផងដែរ ប្រសិនបើកម្ពុជាទទួលបានប្រេងកាត និងឧស្ម័ននេះ នឹងលក់ដើម្បីប្រមូលថវិកាចូលរដ្ឋ ខណៈប្រេងកាតនឹងចម្រាញ់ទៅជាប្រេងសាំង ឬប្រេងម៉ាស៊ូតដើម្បីផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងបង្កើតការងារនៅតំបន់រុករកប្រេងថែមទៀត។

ពាក់ព័ន្ធតំបន់ត្រួតស៉ីគ្នានេះ ក្រៅពីផលប្រយោជន៍ប្រេងកាត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីកិច្ចការងារព្រំដែនទឹកជាមួយភាគីថៃផងដែរ ដោយត្រូវចរចាជាមួយគ្នាប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីធ្វើយ៉ាងណាការពារអធិបតេយ្យភាពជាតិ។

សូមជម្រាបថា ការចរចាដោះស្រាយវិវាទលើតំបន់ទាមទារត្រួតស៊ីគ្នា ត្រូវបានពន្យារក្នុងរយៈពេល២០ឆ្នាំមកហើយ បន្ទាប់ពីប្រទេសទាំងពីរ បានបរាជ័យក្នុងការចរចាកាលពីឆ្នាំ២០០១។
តំបន់ទាមទារត្រួតស៊ីគ្នា មានផ្ទៃក្រឡាទំហំជាង២៦០០០គីឡូម៉ែត្រការ៉េ ដែលមានការប៉ាន់ប្រមាណថា អាចមានប្រេង និងឧស្ម័ន ច្រើនលានប៉ារ៉ែលនៅបាតសមុទ្រ។

កន្លងមកក៏ធ្លាប់មានក្រុមហ៊ុន ធ្វើការសិក្សាពីសក្តានុពលធនធានធម្មជាតិ នៃតំបន់នេះផងដែរ ប៉ុន្តែមិនទាន់ស៊ីជម្រៅនោះទេ ហេតុនេះប្រសិនបើការចរចាត្រូវគ្នា លើការអភិវឌ្ឍន៍រួមគ្នានៅតំបន់នេះ គឺចាំបាច់ ត្រូវធ្វើការសិក្សាឲ្យលម្អិតបន្ថែមទៀត។ តាំងពីដើមទសវត្សរ៍៧០មក កម្ពុជា និងថៃ បានទាមទាររៀងៗខ្លួន លើសិទ្ធអភិវឌ្ឍន៍លើតំបន់ត្រួតស៉ីគ្នា៕