(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា «ត្រកូល ហ៊ុន» គ្មានបំណងណាមួយធ្វើជាជនក្បត់ជាតិ ហើយក៏មិនធ្វើអ្វីមួយឱ្យប្រាសចាកពីប្រយោជន៍ជាតិនោះឡើយ ទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីផ្ទាល់ គឺមានតែប្រឹងដោះស្រាយបញ្ហាជាតិដោយការទទួលខុសត្រូវខ្ពស់។

ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «ត្រកូល ហ៊ុន» គ្មានបំណងណាមួយធ្វើជាជនក្បត់ជាតិនោះទេ ហើយក៏មិនធ្វើអ្វីមួយឱ្យប្រាសចាសពីប្រយោជន៍ជាតិនោះដែរ ទាំងសម្ដេចតេជោ ហ៊ុន សែន គឺមានតែប្រឹងដោះស្រាយបញ្ហាជាតិដោយការទទួលខុសត្រូវខ្ពស់។

ការប្រតិកម្មបែបនេះ គឺឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួនដែលចោទប្រកាន់សម្ដេចធិបតី រឿងបង្កើតក្រុមការងាររួមជាមួយភាគីថៃក្នុងការសិក្សាកំណត់ព្រំដែនសមុទ្រ និងការបូមប្រេងនៅផ្ទៃសមុទ្រថាជា «រឿងក្បត់ជាតិ» ដូច្នេះសម្ដេចធិបតីក៏បានចោទសួរទៅកាន់ក្រុមប្រឆាំងទាំងនោះថា តើការធានាសន្តិសុខថាមពលសម្រាប់ជាតិ ត្រូវចាត់ទុកជាអំពើក្បត់ជាតិមែនឬទេ? សម្ដេចបានពន្យល់វិញថា ការធានាសន្តិសុខថាមពលនេះ គឺជាការខិតខំដើម្បីឈានទៅរកភាពម្ចាស់ការក្នុងវិស័យថាមពលរបស់កម្ពុជា កាត់បន្ថយការបញ្ជាទិញពីបរទេស ផ្ដល់ការងារដល់ប្រជាពលរដ្ឋ បង្កើនចំណូលក្នុងសេដ្ឋកិច្ចជាតិ និងនាំផលប្រយោជន៍ជាច្រើនទៀតដល់ជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ផលប្រយោជន៍សេដ្ឋកិច្ច និងការសិក្សារួមគ្នានេះមិនបានធ្វើឱ្យបាត់អធិបតេយ្យភាពព្រំដែននោះទេ។

សម្ដេចបានបន្តថា ការចរចាព្រំដែនទឹក ត្រូវតែបន្តធ្វើតាមរយៈក្រុមបច្ចេកទេស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកនូវការខិតខំតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ទិសដៅចរចារឿងព្រំដែន ក៏ព្រោះតែកុំឱ្យកូនខ្មែរជំនាន់ក្រោយមានទំនាស់ជាមួយប្រទេសជិតខាងតទៅទៀត យើងចរចាដោយបច្ចេកទេសច្បាស់លាស់តាមរយៈ «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» តួយ៉ាងដូចជាព្រំដែនសមុទ្រជាមួយភាគីថៃនេះ គឺមន្ត្រីរាជការកម្ពុជាចរចាជាមួយភាគីពាក់ព័ន្ធដាច់បាយដាច់ទឹក ហើយត្រូវជិះកប៉ាល់ចូលទៅពិិនិត្យនៅតាមសមុទ្រជាក់ស្ដែង។

គួរជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ សំដៅកសាងព្រំដែនពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕