(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចោទជាសំនួរ ទៅកាន់ជនអគតិមួយចំនួនថា តើការទាញយកប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល ជាការក្បត់ជាតិឬ?។

ការលើកជាសំនួរបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានការលើកឡើង ពីជនអគតិមួយចំនួន ដែលមានគំនិតតែប្រឆាំង និងមិនចង់ឃើញកម្ពុជា មានការរីកចម្រើន ក្រោយពីកម្ពុជា និងថៃ ឯកភាពគ្នា ទាញយកផលប្រេងកាត លើតំបន់ត្រួតស៊ីគ្នា ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងប្រភពថាមពល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់អ្នកដែលចោទខ្ញុំថា យើងអភវិឌ្ឍន៍រួមគ្នាទាញយកប្រេងថា ខ្ញុំក្បត់ជាតិ គិតមើលទៅ តើទាញផលប្រយោជន៍ ដើម្បីឲ្យប្រទេសជាតិ និងប្រជាជន ហើយធានាសន្ដិសុខថាមពលរបស់យើង រយៈពេលវែង តើជាការ​ក្បត់ជាតិមែនទេ?»

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលអញ្ជើញជាអធិបតី​ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត​ ក៏បានប្រាប់ឲ្យគិតម្ដងទៀត និងញែកឲ្យដាច់​នូវផលប្រយោជន៍សេដ្ឋកិច្ច និងការសិក្សារួមគ្នា មិនបានធ្វើឲ្យបាត់នូវអធិបតេយ្យភាព ក្នុងការចរចារព្រំដែននោះទេ។ សម្ដេចបានថ្លែងថា ការចរចារព្រំដែនទឹក ត្រូវតែបន្ដធ្វើតាមក្រុមបច្ចេកទេសដដែល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាពណាមួយ ចង់ទៅជាជន ដែលក្បត់ជាតិនោះឡើយ។

សូមជម្រាបថា កម្ពុជា-ថៃ បានឯកភាពគ្នា ទាញយកផលប្រេងកាត លើតំបន់ត្រួតស៊ីគ្នា (OCA) ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នា ពីប្រភពប្រេងថ្មីក្នុងតំបន់នេះ ដែលចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលតម្លៃប្រេង និងថាមពល បន្ទាប់ពីពន្យារពេល ក្នុងការចរចារ អស់រយៈពេលជាង២០ឆ្នាំមកនេះ។

តំបន់ទាមទារត្រួតស៊ីគ្នា (OCA) មានផ្ទៃក្រឡាទំហំជាង២៦០០០គីឡូម៉ែត្រការ៉េ ដែលមានការប៉ាន់ប្រមាណថា អាចមានប្រេង និងឧស្ម័ន ច្រើនលានប៉ារ៉ែលនៅបាតសមុទ្រ៕