(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ ការចេញទៅអូស្ត្រាលី លើកដំបូងនេះ ក៏មិនខុសលើកមុនៗដែល គឺចេញទៅដើម្បីកៀរគរក្រុមអ្នកវិនិយោគិនបរទេសមកណ្តាក់ទុននៅកម្ពុជា។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ទាក់ម៉ូយគ្រប់កន្លែងតាំងពីខ្ញុំមក ទាក់ច្រើនទ្វីបហើយ ទាក់ពីអាស៉ីរហូតទៅដល់អឺរ៉ុប រហូតទៅដល់អាមេរិក ខែក្រោយទៅទាក់ម៉ូយនៅអូស្ត្រាលីទៀត អញ្ចឹងឆ្លងទ្វីប ជិះយន្តហោះទាក់ម៉ូយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ពាក្យថា ទាក់ម៉ូយនេះ គឺសម្តេចដើរកៀរគរ ដើរផ្សព្វផ្សាយ ដើរទៅបង្ហាញនូវសក្តានុពលកម្ពុជា ទៅកាន់អ្នកវិនិយោគិនបរទេស ដោយសង្ឃឹមថាវិស័យឯកជនដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា សូមបន្តទុកចិត្តកម្ពុជា ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ ជាមួយគ្នានេះដែរ តាមរយៈការដើរបង្ហាញនូវសក្តានុពលកម្ពុជា ក៏មានក្រុមអ្នកអ្នកវិនិយោគិនបរទេសចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា ជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតការងារ ជូនប្រជាពលរដ្ឋ ខណៈតួអង្គការងារនៅក្នុងប្រទេសកម្ពុជារួមមាន៖ មន្រ្តីរាជការ អង្គការក្រៅរដ្ឋាភិបាល ស្វ័យនិយោជ និងវិស័យឯកជន ដែលទាំងអស់នេះ គឺជាតួអង្គដែលបង្កើតការងារប្រកបដោយចីរភាព ដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនដោយចីរភាព។

«អញ្ចឹងការទាក់ទាញវិស័យឯកជន និងការជួបនេះគឺយើងត្រូវធ្វើ ដើម្បីធ្វើយ៉ាងណាបង្កើនការងារបន្ថែមទៀត ហើយជាមួយថៃ យើងមានចំនួន៨ពាន់លានដុល្លារ ហើយយើងសង្ឃឹមថានឹងរុញឱ្យបានកើនក្នុងពេលឆាប់ៗខាងមុខតាមការចុះ MoU ចំនួន៥ ម្សិលមិញ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា រាល់ពេលដែលសម្តេចបានលើកឡើងពីការចេញទៅទាក់ម៉ូយ កៀរគរ ក្រុមអ្នកវិនិយោគិនបរទេស ឱ្យមកណ្តាក់ទុននៅកម្ពុជា គឺតែងតែមានបុគ្គលមួយចំនួនសើចចំអកថា រាជរដ្ឋាភិបាលអួត ខណៈដែលមានក្រុមហ៊ុនមកពីបរទេសជាច្រើនដើម្បីសិក្សាពីលទ្ធភាពនៃការវិនិយោគបែរជាចោទថាក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនចិនទៅវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ ១៧២គម្រោង មានទុនវិយោគ ៣,៨៦ពាន់លានដុល្លារ និងអាចបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋជាង ១៩ម៉ឺនកន្លែង ហើយគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សូម្បីតែនៅក្នុងខែមករា ឆ្នាំ២០២៤ គម្រោងដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ៣២គម្រោង គិតជាទុនវិនិយោគជិត ២០០លានដុល្លារ។ ចំពោះគម្រោងវិនិយោគក្នុងខែមករានេះ អ្នកដែលចាំតែថា បែរជាថាគម្រោងទឹកភ្នែកទៅវិញ ទប់អ្នកចាំថាមិនជាប់ទេ៕