(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅរយៈពេល ៨ខែចុងក្រោយនេះ រាប់ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៧២គម្រោង គិតជាទុនវិនិយោគមានជិត ៤ពាន់លានដុល្លារ ដែលអាចបង្កើតការងារ ១៩ម៉ឺនកន្លែង។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង ពីការហួសចិត្ត ចំពោះអ្នកដែលចាំតែរិះគន់សកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគមកកម្ពុជា បើទោះបីជាចេញរបាយការណ៍ជាលទ្ធផល ក៏ពួកគេមើលមិនឃើញឡើយ។

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតី​ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «ឱ្យតែយើងនិយាយរឿងទាក់ម៉ូយ មានអ្នកចេញមកហើយ គេថាយើងអួត ទាក់ខ្យល់ ទាក់មិនឃើញនរណាមកសោះ អីចឹងរវាងអ្នកថា ហើយអ្នកធ្វើ។ អ្នកធ្វើទៅដើរកៀរគរ គេថាអួតណាស់ និយាយតែខ្យល់ មិនឃើញមនុស្សមក ដល់ពេលមានវិស័យឯកជន ក្រុមហ៊ុនមកពីអឺរ៉ុប អាមេរិក ជាបណ្តាញ ដើម្បីមកសិក្សាបន្ថែម គេថាមកពីក្រុមហ៊ុនចិន។ ឯកឧត្តម ហេង សួរ និយាយពីការបង្កើតការងារ គេថា រាប់ទាំងអ្នកសុំទាន ដល់ពេល CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) យើងប្រាប់ថាក្នុង ៨ខែ [ខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤] យើងមានគម្រោងបង្កើតថ្មីចំនួន ១៧២គម្រោង គិតជាទុនវិនិយោគ ៣.៨៦ពាន់លានដុល្លារ នេះមិនមែនខ្យល់ទេ ១៧២គម្រោង ទាំងគម្រោងវិនិយោគក្នុងស្រុក និងគម្រោងមកពី១០ប្រទេសផ្សេងទៀត»

សម្តេចនាយករដ្ឋមន្ត្រីបន្តថា សូម្បីតែនៅក្នុងខែមករា ឆ្នាំ២០២៤ គម្រោងដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ៣២គម្រោង គិតជាទុនវិនិយោគជិត ២០០លានដុល្លារ។ ចំពោះគម្រោងវិនិយោគក្នុងខែមករានេះ អ្នកដែលចាំតែថា បែរជាថាគម្រោងទឹកភ្នែកទៅវិញ ទប់អ្នកចាំថាមិនជាប់ទេ។

សូមជ​ម្រាបថា ពេញមួយឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគ ​បានសរុបចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។

ក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕