(កំពង់ធំ)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នា បង្ការទប់ស្កាត់កុំឱ្យអគ្គីភ័យកើតឡើងជាយថាហេតុ ពិសេសឱកាសបុណ្យចូលឆ្នាំចិន វៀតតណាមនេះ។

គួរបញ្ជាក់ដែរថា បុណ្យចូលឆ្នាំចិន វៀតណាម ជាពិធីបុណ្យមួយដែលប្រជាជនខ្មែរទូទាំងប្រទេសតែងនិយមចូលរួមគោរពធ្វើឡើងជារៀងរាល់ឆ្នាំដោយមានអុជភ្លើង ធូប ទៀន សែនក្រដាសលុយ ជាដើម ដើម្បីឧទ្ទិសដល់ដូនតាកុងម៉ាតាមទំនៀមទំលាប់ប្រពៃណី ចិន វៀតណាម ដើម្បីសុំនូវសេចក្តីសុខផងទាំងពួង ប្រកបដោយភាសប្បាយរីរាយ។

លោក ងួន រតនៈ បានបន្តថា ពិធីបុណ្យនេះពេលកន្លងមកដោយការធ្វេសប្រហែសក្នុងការចំអិនចំណីអាហារ អុជភ្លើង ធូប ទៀនសែនកុងម៉ាជាដើម បានបង្ករឱ្យមហន្តរាយអគ្គីភ័យកើតឡើងខណៈដែលអាជ្ញាធរមូលដ្ឋានតែងតែអំពាវដល់បងប្អូនឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

លោកបានបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកបានដាក់បទបញ្ញាឱ្យកងកម្លាំង បង្កើនត្រៀមកម្លាំង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម២០២៤នេះ។

លោក ងួន រតនៈ ក៏ជំរុញឲ្យអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថភាព និងការទប់ស្កាត់បង្កាកុំអោយមានអគ្គីភ័យកើតឡើងជាយថាហេតុ៕