(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការតាមដានត្រួតពិនិត្យជាប់ជាប្រចាំជាការចាំបាច់ណាស់ ដើម្បីឱ្យការអនុវត្តន៍ផែនការសកម្មភាពនានា ដែលដាក់ចេញទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណ និងកោតសរសើរលោក អ៉ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រឹងប្រែងដឹកនាំក្រសួងឱ្យសម្រេចបានលទ្ធផលការងារល្អប្រសើរជាច្រើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការ អនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា ស្របតាមនិន្នាការតំបន់ និង សកលលោក ប្រកបដោយភាពទន់ភ្លន់, រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង «ប្រជាជនម្នាក់មានអាជីពមួយ»

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងការងារ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេសសំដៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ, និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និង គ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផ្ដល់អនុសាសន៍ចំណុច១៣ បន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធិភាពការងារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅថៃ ទទួលបានផ្លែផ្កាធំៗចំនួន៣។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅខែក្រោយសម្តេចនឹងអញ្ជើញទៅកាន់ប្រទេសអូស្ត្រាលី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២គម្រោង ជាមួយទុនជិត ៤ពាន់លានដុល្លារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងថៃ ឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្រមព្រៀងជាមួយថៃយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងប្រភពថាមពល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តើការទាញយកប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល ជាការក្បត់ជាតិឬ?

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាព ដែលក្បត់ប្រយោជន៍ជាតិនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាយករដ្ឋមន្ត្រីថៃ ឯកភាពតាមសំណើសម្តេច មិនយកថ្លៃទិដ្ឋាកាពីពលរដ្ឋខ្មែរដែលចេញមកលេងចូលឆ្នាំនៅខ្មែរនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទូតខ្មែររៀបចំកម្មវិធីលេងកម្សាន្តជូនពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង១៧៖០០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕