(ភ្នំពេញ)៖​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សូមផ្តាំផ្ញើតាមរយៈ Fresh News ដោយសូមថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលបានខិតខំប្រឹងប្រែង ជួយសង្គ្រោះព្រះសង្ឃ៣៧អង្គ ដែលបានពុលចង្ហាន់។ នេះបើតាមលោករដ្ឋមន្ដ្រី បញ្ជាក់ប្រាប់មុននេះបន្តិច នាវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានផ្ដាំផ្ញើដល់ពលរដ្ឋទូទាំងប្រទេសថា សូមកុំបរិភោគម្ហូបអាហារ ដែលទុកចោលយូរ ហើយត្រូវចម្អិនម្ហូបអាហារ ឲ្យបានឆ្អិនល្អ ជាពិសេសមុននឹងទិញ ចំណីអាហារ មកបរិភោគត្រូវពិនិត្យ មើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់។ បន្ថែមពីនេះលោករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់ ក្រុមគ្រូទាំងអស់នៅទូទាំងប្រទេស ត្រូវតែបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺ ដោយមិនត្រូវប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ក្រោយពេល​​ព្រះសង្ឃ៣៧អង្គ គង់នៅវត្តបារាណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងកូនលោក២នាក់ ដែលមានអាការៈរាគ ក្អូតចង្អោ និងចុកពោះជាបន្តបន្ទាប់ ហើយមានសភាពធូរស្រាល​ បន្ទាប់ពីការជួយសង្គ្រោះពីគ្រូពេទ្យ។

ឧត្តសេនីយ៍ទោ បែន រ័ត្ន ស្នងការខេត្ត ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០​ ខែសីហានេះថា មូលហេតុដែលនាំឲ្យព្រះសង្ឃ មានសភាពបែបនេះ គឺមកពីឆាន់ចង្ហាន់ពេលថ្ងៃ ពុលសម្ល ស្ពែជ្រក់៕