(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ក្រុងស្រុកទាំងអស់ត្រូវតាមដានបង្ក្រាបឲ្យបានជាដាច់ខាតចំពោះជនទាំងឡាយណាដែលទន្ទ្រានយកដីតំបន់៣ ដោយគ្មានការលើកលែងទៀតឡើយ។

លោក ងួន រតនៈ បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។

ថ្លែងក្នុងកិច្ចប្រជុំ អភិបាលខេត្ត បានដាក់បទបញ្ជាដូចខាងក្រោម៖

*ទី១៖ ក្រុងស្រុកទាំង៦ ត្រូវបន្តស្រាវជ្រាវ បង្ក្រាបឲ្យបានស្ដេចខាតដល់ជនណា ដែលបានរំលោភយកដីតំបន់បីដោយគ្មានការលើកលែងទៀតឡើយ ដោយកិច្ចការនេះបណ្ដាក្រុងស្រុកត្រូវតែដាក់កម្លាំងល្បាត និងឃ្លាំមើលជាប្រចាំ។
*ទី២៖ បណ្ដាក្រុងស្រុក ត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការយល់ដឹងព្រមទាំងចលនាបស់បង្គោលព្រំដែនគ្រប់គោលដៅដែលប្រឈម ហើយកម្លាំងល្បាតត្រូវបន្ត ព្រមទាំងសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការងារនេះឲ្យមានប្រសិទ្ធភាព គឺធ្វើយ៉ាងណាការពារដីរដ្ឋឲ្យបានដោយអនុវត្តន៍ទៅតាមវិធានការរដ្ឋបាល និងផ្លូវច្បាប់។
*ទី៣៖ សម្រាប់ស្រុកទាំង៣ ដែលមិនពាក់ព័ន្ធនឹងដីតំបន់៣ ប៉ុន្តែស្រុកទាំងនេះ នៅមានជួបនូវបញ្ហាបទល្មើសព្រៃឈើពិសេសព្រៃបរិស្ថាន និងព្រៃសហគមន៍ ដូចនេះអាជ្ញាធរស្រុកត្រូវតែបង្ក្រាប និងដកហូតមកទុកជាសម្បត្តិរដ្ឋវិញ។ ករណីស្រុកខ្វះលទ្ធភាព ក្នុងការបង្ក្រាបរដ្ឋបាលស្រុក ត្រូវធ្វើការស្នើសុំកម្លាំងពីគណៈបញ្ជាការឯកភាពខេត្ត។
*ទី៤៖ គាំទ្រនូវការចុះបញ្ជីដីធ្លីនៅក្នុងដីតំបន់ឆ្វៀល និងតំបន់២ មន្ទីរជំនាញត្រូវធ្វើកិច្ចការនេះបានច្បាស់លាស់ដើម្បីឲ្យអ្នកអាស្រ័យផលទទួលបានដីពិតប្រាកដ ហើយរដ្ឋបាលស្រុកទាំងអស់ ត្រូវធ្វើការកោះប្រជុំតាមឃុំនីមួយៗជាមួយលោកមេភូមិ ប្រជាជន ពិសេសចាស់ព្រឹទ្ធាចារ្យនៅតំបន់នោះផ្ទាល់ គឺធ្វើយ៉ាងណាឲ្យការចុះបញ្ជីដីធ្លីននេះប្រកប ដោយតម្លាភាព និងប្រសិទ្ធភាព ហើយពេលវេលាគឺខ្លីបំផុតដូចនេះការធ្វើផែនការគឺត្រូវមានភាពច្បាស់លាស់។
*ទី៥៖ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺត្រូវធ្វើយ៉ាងណាត្រូវរក្សាទឹកទុកនៅរដូវប្រាំងនេះ ដោយតំបន់ខ្លះ គឺមិនតម្រូវឲ្យធ្វើស្រែជាលើកទី២ទេ។ ដូចនេះអាជ្ញាធរត្រូវធ្វើការសិក្សា និងមន្ទីរជំនាញដើម្បីផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់យល់ពីស្ថានភាពដ៏លំបាកនេះ។
*ទី៦៖ បញ្ហាគ្រោះមហន្តរាយត្រូវជំរុញឲ្យមានការផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ផ្សារភ្ជាប់ជាមួយនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដូចនេះរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវធ្វើការនេះឲ្យបានទូលំទូលាយ។
*ទី៧៖ ឥឡូវនេះយើងមានអ្នកនាំពាក្យព្រមទាំងមានរចនាសម្ព័ន្ធគ្រប់គ្រាន់ហើយ មានអ្នកទទួលព័ត៌មាន អ្នកបញ្ចេញព័ត៌មាន អ្នកផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអ្នកជំនាញផ្សេងៗទៀត។ ដូចនេះរដ្ឋបាលក្រុងស្រុក មន្ទីរព័ត៌មានសហការគ្នាដើម្បីធ្វើសកម្មភាពឱ្យផុសផុលឡើងដើម្បីពង្រឹងនូវការផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្តយើងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
*ទី៨៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងមានការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដូចនេះអាជ្ញាធរពាក់ព័ន្ធត្រូវបង្កលក្ខណៈដល់គណបក្សនយោបាយ និងអង្គបោះឆ្នោតឲ្យបានល្អ ដើម្បីឲ្យសកម្មភាពនេះប្រកបដោយសេរី និងមិនមានការគំរាមកំហែង ដោយការបោះឆ្នោត និងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
*ទី៩៖ ពាក់ព័ន្ធនឹងការដាក់កុងត្រូលបណ្ដាក់គ្នារបស់សមត្ថកិច្ច ត្រូវតែពិនិត្យមើលឡើងវិញ ពីព្រោះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ។ យើងមិនបដិសេធចំពោះការអនុវត្តច្បាប់និងតួនាទីនោះទេ ប៉ុន្តែយើងត្រូវទទួលយកការកែតម្រូវដើម្បីស្ថាបនា។

នៅចុងបញ្ចប់លោក ងួន រតនៈ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ មន្ទីរជំនាញ ដែលកន្លងមកបានអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តធ្វើកិច្ចការនេះឱ្យបានជោគជ័យបន្ថែមទៀត៕