(ព្រៃវែង)៖ លោក រី វុទ្ធី ដែលជាម្ចាស់កសិដ្ឋានមាគ៌ាជលសាចិញ្ចឹមកង្កែបយកសាច់ និងបង្កាត់ពូជកូនកង្កែប ដែលរស់នៅក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានលើកឡើងថា ការចិញ្ចឹមកង្កែបយកសាច់របស់គាត់ អាចផលិតបានពី ៤ ទៅ ៦ តោន ក្នុងមួយខែ ហើយឆ្នាំនេះគាត់នឹងបង្កើនការផលិតឲ្យបានពី ១០ ទៅ ១៥ តោន ក្នុងមួយខែ ដើម្បីបំពេញតម្រូវការទីផ្សារ។

លោកបានបន្ថែមថា ចំពោះកូនកង្កែប គាត់បានបង្កាត់លក់នេះ គឺគាត់លក់មួយក្បាលតាមទំហំ និងអាយុកាលគឺចាប់ពី២០០រៀល រហូតទៅដល់ ៥០០រៀល ដោយមួយខែៗ គាត់អាចលក់ចេញពី ១៥ ម៉ឺនកូនទៅ ៣០ ម៉ឺនកូនកង្កែបនោះផងដែរ។ ជាមួយគ្នានេះ ការចិញ្ចឹមកង្កែបនេះ គឺចែកចេញជាពីរផ្នែកដោយមានផ្នែកភ្ញាស់ និងផ្នែកចិញ្ចឹមយកសាច់ហើយការចិញ្ចឹមយកសាច់គឺប្រើរយៈពេល ប្រមាណជាង២ខែ។

លោកបានបន្ថែមថា ចំពោះទីផ្សារ នៃការលក់កូនកង្កែបយកទៅចិញ្ចឹមបន្ត ភាគច្រើនមកពីខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង កំពង់ស្ពឺ តាកែវ កំពងចាម ជាដើម និងតាមស្រុកមួយចំនួននៅក្នុងខេត្តព្រៃវែង ដែលមកទិញកូនកង្កែបផងដែរ៕