(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋទាំង៨ឃុំ ក្នុងស្រុកកណ្តៀង និយាយជារួម និងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងឃុំកញ្ជរ ទាំង១៤ភូមិ ប្រមាណជា១,៥២០នាក់ កើតទុក្ខមិនសុខចិត្ត ដែលគេហទំព័រ បណ្តាញសង្គម The Cambodia Daily Khmer បានចុះផ្សាយចោទប្រកាន់ថា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរំលោភកាន់កាប់ដីអភិរក្សបឹងទន្លេសាប ក្នុងតំបន់៣ ជាច្រើនរយហិកតា។

នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន និងញត្តិគាំទ្ររបស់រដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំទាំង៩ និងប្រជាពលរដ្ឋ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ប្រជាពលរដ្ឋទាំងអស់នោះ បានផ្តិតមេដៃគាំទ្រលោក កែវ រតនៈ និងបំភ្លឺបកស្រាយ ជូនដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា យើងទាំងអស់គ្នាបានដឹងលឺ លោករដ្ឋមន្ត្រី ពុំមានដីនៅតំបន់៣ នោះទេ។ ប្រជាពលរដ្ឋ ទាំង៨ឃុំ ក្នុងស្រុកកណ្តៀង មានការគោរពស្រឡាញ់ និងគាំទ្រយ៉ាងពេញទំហឹង នូវការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោក កែវ រតនៈ កាលនៅជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាពេលកន្លងមក។ ម៉្យាងទៀត លោក កែវ រតនៈ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា អភិរក្សធនធានធម្មជាតិ ដោយពុំអនុញ្ញាតឱ្យជនខិលខូចណា ឆ្លៀតឱកាសក្នុងការរុករានទន្ទ្រាន ដីតំបន់៣ ខុសច្បាប់ឡើយ និងគិតគូរពីសុខទុក្ខ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ។

សម្រាប់គេហទំព័រ បណ្តាញសង្គម The Cambodia Daily Khmer បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដែលមានចំណងជើងថា «ពលរដ្ឋចោទរដ្ឋមន្ត្រីក្រសួងរ៉ែថាមពលរំលោភកាន់កាប់ដីអភិរក្សបឹងទន្លេសាប ក្នុងតំបន់៣ ជាច្រើនរយហិកតា»នោះ គឺជាការប្រឌិតព័ត៌មាន និងបំពុលសង្គមសុទ្ធសាធ យើងខ្ញុំសូមបដិសេធ។

ជាថ្មីម្តងទៀតក្នុប្រជាពលរដ្ឋទាំង៨ឃុំ ក្នុងស្រុកកណ្តៀង និយាយជារួមនិងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងឃុំកញ្ជរ ទាំង១៤ភូមិ សូមធ្វើការធានាអះអាងថា លោករដ្ឋមន្ត្រី ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ និងសូមស្នើដល់សមត្ថកិច្ចជំនាញ ចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះបក្ខពួក និងមេខ្លោង ដែលបំពុលសង្គម។

ជាមួយគ្នានោះ ក៏សូមស្នើដល់គេហទំព័រ បណ្តាញសង្គម The Cambodia Daily Khmer មេត្តាឆ្លើយបំភ្លឺជាថ្មី ជូនដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីជៀសវាងការភ័ន្តច្រឡំ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់លើការដឹកនាំ និងកិត្តិយសដល់ថ្នាក់ដឹកនាំខេត្ត ពិសេសសេចក្ដីថ្លៃថ្នូរ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕