(កំពង់ឆ្នាំង)៖ ពលរដ្ឋ៣នាក់ តំណាងឲ្យ១៩១នាក់ រស់នៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់លិខិតមួយច្បាប់គោរពជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍បញ្ឈប់ការអនុវត្តដោយបង្ខំការគាស់ផ្នូរសពមួយកន្លែងនៅទួលតាជា ដែលដីស្មសានទីបញ្ចុះសពតាំងពីដូនតាមកម្ល៉េះ ស្ថិតនៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ក្រោយទីតាំងមួយនេះ ត្រូវបានគេប្តឹងទៅតុលាការ ដើម្បីកាន់កាប់ជាឯកជន និងបានឲ្យម្ចាស់ទីតាំងគាស់ផ្នូរសពនេះចេញ។

យោងតាមលិខិតរបស់អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា ទីបញ្ចុះសពនេះមានតាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ និងបានសម្រេចប្រគល់ឲ្យប្រធានសមាគមអនិកជនចិន និងវៀតណាម ការពារថែរក្សាជាទីស្មសាន (ទីបញ្ចុះសព) ទុកជាសម្បត្តិសាធារណៈរបស់សមាគម ដែលមានផ្នូរបញ្ចុះសពរួចទៅហើយរាប់រយផ្នូរ។

បើតាមការបញ្ជាក់របស់លោក អៀន ទន់ មេឃុំពន្លៃ ដីទួលតាជាទុកសម្រាប់បញ្ចុះសពនេះមានទំហំប្រមាណ១៩.២០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិស្វាយគយ។

សូមបញ្ជាក់ថា ករណីវិវាទដីបញ្ចុះសពខាងលើនេះកើតឡើងក្រោយឈ្មោះ សី យុគីវ មានទីលំនៅភូមិ៦ ផ្ទះលេខ2B EoE1 ផ្លូវ253 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានដាក់ពាក្យប្ដឹងសុំឲ្យគាស់ផ្នូរសព សៀវ យុកជន ចេញពីដីរបស់ខ្លួន ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៧៩។

ក្រោយមានការសម្រេចរបស់តុលាការឲ្យគាស់សពឈ្មោះ សៀវ យុកជន ចេញពីទីបញ្ចុះសពខាងលើនេះ ក៏សម្រាប់តែមានការទាមទារ និងជំទាស់ពីពលរដ្ឋក្នុងភូមិចំនួន១៩១នាក់ ស្នើមកសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយសុំផ្អាកការអនុវត្តដោយបង្ខំ និងមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន រួមមាន៖ លោក មាស សារី មេភូមិស្វាយគយ, លោក ឡឹក គឹមឡាយ មេឃុំពន្លៃ និងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ បានចុះហត្ថលេខាទទួលស្គាល់ផងដែរ។

បន្ទាប់មកប្រជាពលរដ្ឋចំនួន៧២នាក់ ក៏បានផ្ដិតមេដៃ ធ្វើលិខិតដោយមានការទទួលស្គាល់ពីលោកមេភូមិស្វាយគយ លោកមេឃុំពន្លៃ និងមានការឯកភាពពីលោកអភិបាលស្រុកបរិបូរណ៌ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នើ សុំលោកអភិបាលខេត្តកំពង់ឆ្នាំង រក្សាទុកដីស្មសានទួលតាជា ជាទីបញ្ចុះសពសាធារណៈនៅក្នុងមូលដ្ឋានដដែល។

ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ចៅក្រមអនុវត្ត នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះអនុវត្តដោយបង្ខំ ដោយបានបញ្ជាឲ្យគាស់ផ្នូរសពឈ្មោះ សៀវ យុកជន។ ការអនុវត្តពេលនោះ គ្រួសារសព និងប្រជាពលរដ្ឋបានរាយការណ៍ជូនលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ហើយលោកទាំងពីរក៏បានចុះមកសុំផ្អាកសកម្មភាពគាស់ផ្លូរសព នៅទីទួលបញ្ចុះសពទួលតាជាខាងលើនេះជាបណ្ដោះអាសន្ន។

ក្រុមគ្រួសារសព និងប្រជាពលរដ្ឋទាំងមុនទាំងក្រោយមានចំនួនសរុប១៩១នាក់ សំណូមពរដល់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍បញ្ឈប់ការជីកគាស់ផ្នូរសពនៅក្នុងទីស្មសានទួលតាជា ជាទីបញ្ចុះសពសាធារណៈ នៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ដែលមានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងក៏មានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក រហូតមានការអន្តរាគមន៍ពីលោកអភិបាលខេត្ត និងអ្នក តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឱ្យផ្អាកជាបណ្ដោះ អាសន្នសិន ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមសន្តិវិធី៕