(ព្រះវិហារ)៖ រថយន្តទី៤ ដែលជាអំណោយនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ប្រគល់ជូនគណៈបញ្ជាការឯកភាពស្រុកជាំក្សាន្ត បន្ទាប់ពីស្រុកគូលែន ស្រុករវៀង និងស្រុកឆែប នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក គីម រិទ្ធ បានថ្លែងថា បន្ទាប់ពីលោកចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ បានមួយរយៈពេល, លោកអាណិតថ្នាក់ដឹកនាំនៅខេត្តក្រុងស្រុក ដោយសារខេត្តព្រះវិហារជាខេត្តក្រីក្រ ដាច់ស្រយាលជាងគេ ហើយការធ្វើដំណើរក៏ឆ្ងាយ ដូច្នេះក្នុងឆ្នាំ២០២៤ លោកបានដាក់ផែនការរៃអង្គាសថវិកា ដោយសុំពីសប្បុរសជនខ្លះ ដើម្បីទិញរថយន្តជូនគណៈបញ្ជាការឯកភាពឱ្យគ្រប់ក្រុងស្រុកទាំងអស់។

អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា នេះជារថយន្តទី៤ហើយ ដែលលោកបានប្រគល់ជូនរដ្ឋបាលស្រុកជាំក្សាន្ត។ ការរកលុយមកទិញរថយន្ត វាពិបាកទៅហើយ តែអ្វីដែលពិបាកជាងទិញរថយន្តដែលលោកចង់បាននោះ គឺអភិបាលកិច្ចល្អ ការផ្តល់សេវានានាជូនប្រជាពលរដ្ឋឱ្យបានរហ័ស ជំរុញការដោះស្រាយឱ្យទាន់ពេលវេលា ទាំងនេះហើយដែលគណៈបញ្ជាការឯកភាពស្រុក ត្រូវពង្រឹងតួនាទី ភារកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុក ពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលស្រុក។

លោក គីម រិទ្ធី បានថ្លែងថា ការប្រគល់រថយន្តជូនគណៈបញ្ជាការឯកភាពស្រុកជាំក្សាន្តនាពេលនេះ ក្រៅពីយករថយន្តនេះទៅបម្រើលើការងារបង្ក្រាបបទល្មើស ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងស្រុក រដ្ឋបាលស្រុកក៏អាចយករថយន្តនេះទៅប្រើប្រាសលើការងារបម្រើសេវាជូនប្រជាពលរដ្ឋ ការងារចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ការងារគ្រោះមហន្តរាយ ការងារសមាគមអតីតយុទ្ធជន និងការងារផ្សេងៗទៀត ដែលឆ្លើយតបពីរដ្ឋបាលស្រុក។

ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលស្រុកជាំក្សាន្ត លោក គីម រឹទ្ធី បានសោកស្តាយចំពោះការបាត់បង់សហការីដោយលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត បានទទួលមរណភាពដោយរោគាពាធ កាលពីខែវិច្ឆិកា កន្លងមកនេះ។ លោកអភិបាលខេត្តព្រះវិហារ សូមបួងសួងដល់វិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភពកុំបីខាន៕