(ភ្នំពេញ)៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញជូនលោកអភិបាលរង លោកនាយក-នាយករងរដ្ឋបាល រាជធានីភ្នំពេញ លោកស្រីប្រធាន-លោកអនុប្រធាន និងមន្ត្រីច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ នានៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ថេន សំវិសុទ្ធ បានរៀបរាប់ជូនអំពីប្រភេទសេវា ដែលប្រៃសណីយ៍កម្ពុជា បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋមានដូចជា៖ សេវាបញ្ញើឆាប់រហ័ស EMS (សម្រាប់ឯកសារ និងទំនិញ) ក្នុង និងក្រៅប្រទេស សេវាប្រអប់ប្រៃសណីយ៍ ( Post_Pack) សេវាបញ្ជូនលិខិតវិលជុំរបស់តុលាការ សេវារថយន្តប្រៃសណីយ៍ដឹកអ្នកដំណើរ (Postal VIP Van) សេវារថយន្តដឹកអ្នកដំណើរទៅ-មក សម្រាប់ក្រុងសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាប និងសេវាជាច្រើនផ្សេងទៀត។

ជាពិសេសទៀតនោះ គឺកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ របស់ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប និង
ខេត្តតាកែវ ដើម្បីផ្តល់សេវាចែកចាយលិខិត ឬឯកសារជូនប្រជាពលរដ្ឋដល់ទីលំនៅ។

លោកអភិបាលរង មានចំណាប់អារម្មណ៍អំពីសេវារបស់ប្រៃសណីយ៍កម្ពុជា ដែលផ្ដល់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ អាចជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងថែមទាំងចំណេញ
ពេលវេលាទៀតផង ហើយលោកនឹងធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរាយការណ៍ជូនក្រសួងមហាផ្ទៃ៕