(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំធំៗក្នុងខេត្តកំពង់ឆ្នាំង មានមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បានរួមគ្នាបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ផែនការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដល់មន្រ្តីរាជការពាក់ព័ន្ធជុំវិញខេត្ត ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំផ្សព្វផ្សាយខាងលើ ធ្វើឡើងក្រោមវត្តមាន លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង, លោកស្រី នួន ចាន់នី ប្រធានលេខាធិការខេត្តរៀបចំការបោះឆ្នោត, លោក ម៉ែន ធឿន តំណាងក្រុមប្រឹក្សាខេត្ត ជាគណៈអធិបតី ព្រមទាំងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត, ស្នងការរងខេត្ត, អធិការ អធិការរងស្រុក, នាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់, ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត, តំណាងកម្លាំងកងរាជអាវុធហត្ថ, តំណាងអយ្យការសាលាដំបូងខេត្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្រ្តីរាជការសរុប២៤៩នាក់។
លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា បន្ទាប់ពីមានការសម្រមសម្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានរួមគ្នាកសាងនូវច្បាប់បោះឆ្នោតថ្មី ដែលតម្រូវឱ្យមានការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែល គ.ជ.ប បានប្រកាសជាផ្លូវការ និងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកបន្តថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៩ គ.ជ.ប និងរៀបចំការបោះឆ្នោតនៅទូទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ ដែលមានសមាសភាពពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សម្រាប់ការបោះឆ្នោតចំនួន៤លើក ដែលរួមមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៤ ដែលនឹងកំណត់ធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងខែកក្កដា ឆ្នាំ២០១៨, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅឆ្នាំ២០១៨, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ នៅឆ្នាំ២០១៩។
ជាមួយគ្នានេះ លោកស្រី នួន ចាន់នី ក៏បានឱ្យដឹងថា ផ្អែកតាមផែនការការពារសន្តិសុខ សុវត្ថិភាព ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានបញ្ជាក់ឱ្យឃើញថា យើងទាំងអស់គ្នាពិតជាមានការងារជាច្រើន ដែលត្រូវបំពេញរួមគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោតប្រកបដោយសុវត្ថិភាព គ្មានការគម្រាមកំហែង គ្មានការបំផិតបំភ័យ និងគ្មានអំពើហិង្សា ការចុះឈ្មោះថ្មី និងរៀបចំបញ្ជីឈ្មោះថ្មី ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី បានឱ្យដឹងដែរថា លោកបានរៀបចំកម្លាំងមន្ត្រីនគរបាល ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការពារសន្តិសុខ និងសុវត្ថិភាព ក្នុងការចុះឈ្មោះបោះឆ្នោត នៅតាមគោលដៅមូលដ្ឋាន ឃុំ-សង្កាត់ទាំង៦៩, ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង៕