(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងគុណភាព នៃការផ្តល់សេវាសុខាភិបាលឯកជនចំពោះ សេវាថែទាំទាំង ៣ ប្រភេទ (បន្ទប់ថែទាំជំងឺទូទៅ, បន្ទប់ថែទាំមាត់-ធ្មេញ និងបន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះ មុន និងក្រោយសម្រាល) ដែលមានទីតាំងនៅក្នុងស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប និងស្រុករំដួល ក្រោមដែនគ្របដណ្តប់ របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប។

ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់ម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកផ្តល់សេវា ទាំងការគោរព និងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តដែលក្រសួងបានដាក់ចេញ ការពង្រឹងសមត្ថភាពនៃការផ្តល់សេវា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធកន្លែងផ្តល់សេវាឲ្យកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមក្នុងកែរលម្អនូវចំណុចខ្វះខាតផ្សេងៗទៀត ដែលមន្ត្រីជំនាញបានរកឃើញ។

លោកវេជ្ជបណ្ឌិតបានបន្តថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យគោលដៅយុទ្ធសាស្ត្រផ្សេងទៀត នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ នីតិកាលទី ៧ នៃរដ្ឋសភា។  វិស័យសុខាភិបាល បានចូលរួមដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការថែទាំសុខមាលភាពប្រជាពលរដ្ឋ ដូច្នេះវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជនត្រូវមានកិច្ចសហការល្អក្នុងការផ្តល់សេវា ទាំងគុណភាព សមត្ថភាព ប្រសិទ្ធភាព ភាពស្អាតស្អំ ឥរិយាបថក្នុងការផ្តល់សេវា និងជាពិសេសត្រូវចូលរួមអនុវត្តប្រព័ន្ធផ្តល់សេវាឌីជីថល ក្នុងការលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលដែលរដ្ឋាភិបាលបានដាក់ចេញ៕