(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទី១ អគ្គនាយបច្ចេកទេស អង្គភាពជំនាញ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវខិតខំធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីផលិតផលវត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការងារស្ថាបនាផ្លូវជនបទ សំដៅធានាឲ្យបាននូវគុណភាពល្អ មានភាពធន់ ប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល។
ការណែនាំនេះធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer” នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ សិក្ខាសាលានេះមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានផ្លូវលំជនបទ មន្ទីរពិសោធន៍ ប្រធានគ្រប់គ្រងគម្រោង មន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងមន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធនិមិត្ត( Zoom Meeting) សរុបចំនួន៣៤៩នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាថ្មីៗ គុណភាព តម្លៃ របៀបប្រើប្រាស់ និងផលប៉ះពាល់ដល់បរិស្ថាន ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យ និងសម្រេចក្នុងការធ្វើទំនើបកម្ម លើការងារស្ថាបនា កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនបទេសអំពីការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer។ សិក្ខាសិលានេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនចំនួន៤ រួមមាន៖ ១-ក្រុមហ៊ុន GREENWAY.ASIA Co., Ltd. មកពីប្រទេសកាណាដា ២-ក្រុមហ៊ុន IKEE Paving Systems មកពីប្រទេសជប៉ុន ៣-ក្រុមហ៊ុន Duraflex Solutions Asia មកពីប្រទេសកាណាដា និងក្រុមហ៊ុន Menard មកពីប្រទេសបារាំង។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំចំនួន៣ មានដូចខាងក្រោម៖
១. ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទី១ អគ្គនាយបច្ចេកទេស អង្គភាពជំនាញ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវខិតខំធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីផលិតផលវត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការងារស្ថាបនាផ្លូវជនបទ សំដៅធានាឲ្យបាននូវគុណភាពល្អ មានភាពធន់ ប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល ដើម្បីក្រសួងមានជាមូលដ្ឋានក្នុងការពិនិត្យសម្រេច និងជ្រើសរើសសម្រាប់អនុវត្តនៅពេលខាងមុខ។
២. ថ្នាក់ដឹកនាំកម្មវិធីទី១ អគ្គនាយកដ្ឋានបច្ចេកទេស អង្គភាពជំនាញ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគោរពឲ្យបានត្រឹមត្រូវនូវស្តង់ដារបច្ចេកទេស លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីសម្រេចនានាជាធរមាន។
៣. មន្រ្តីអធិការកិច្ចផ្លូវថ្នល់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ លើការងារតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ ស្របតាមច្បាប់ផ្លូវថ្នល់ និងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។
លោករដ្ឋមន្ត្រីបានបន្តលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងអនុវត្តន៍ដោយផ្អែកលើកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់៕