Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: បំផ្ទុះគ្រាប់បែកលើរថយន្ត ជាប់មាត់ទ្វារចូលស្ថានទូតចិននៅ កៀហ្ស៊ីស៊ីស្ថាន នាំឲ្យមនុស្សស្លាប់និងរបួស ០៤នាក់

30-08-2016 12:30

(ប៊ីសកិក)៖ ការផ្ទុះបានកើតឡើង នៅច្រកចូលស្ថានទូត នៃប្រទេសចិនប្រចាំនៅរដ្ឋធានី Bishkek របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសបីនាក់ ខណៈការស៊ើបអង្កេតរក ជនដៃដល់កំពុងតែបន្ត ធ្វើឡើងនៅឡើយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦។

ប៉ូលិសផ្នែកស៊ើបអង្កេត របស់រដ្ឋបានលើកឡើងថា «យើងត្រូវការពេលស៊ើបអង្កេតបន្ថែមទៀត ទើប អាចផ្តល់ព័ត៌មានលម្អិតពីការវាយប្រហារនេះ»។ តាមការផ្សាយរបស់ សារព័ត៌មានក្នុងស្រុក 24.kg រថយន្តមួយគ្រឿង បានទៅឈប់នៅមាត់ទ្វារចូលស្ថានទូតចិន នៅព្រឹកថ្ងៃអង្គារនេះ ហើយក៏បានផ្ទុះឡើង តែម្តង ដែលបានបណ្តាលឲ្យតៃកុងឡានម្នាក់ស្លាប់ និងមនុស្សនៅក្បែរនោះបីនាក់ទៀតរងរបួស។

តាមរូបភាពដែលត្រូវបានថតពីចម្ងាយ គេឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពី ផ្នែកមួយរបស់រដ្ឋធានី Bishkek របស់ប្រទេស កៀហ្ស៊ីស៊ីស្ថាន ហើយនៅមុខស្ថានទូតចិន ក៏គេប្រទះឃើញមានកម្ទេចកម្ទីរ នានា ដែលបង្កឡើង ដោយការផ្ទុះនោះផងដែរ។

គួរបញ្ជាក់ថា កៀហ្ស៊ីស៊ីស្ថាន ជាប្រទេសមួយមានព្រំដែនជាប់ ភាគខាងលិចរបស់ប្រទេសចិន ដែលធ្លាប់ស្ថិតក្រោមការដឹកនាំ របស់សហភាពសូវៀតផងដែរ៕