(ភ្នំពេញ)៖ លោក យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ការងារសន្តិសុខឱ្យមានប្រសិទ្ធភាពខ្ពស់ និងបានរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គ.ជ.ប ដោយប្រើប្រាស់រុប ១៥,៧២៤នាក់។

ការឱ្យដឹងបែបនេះរបស់លោក យិច សមិទ្ធិ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ចំនួន២ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺទី១៖ ការចាប់ផ្តើមបើកដំណើរការ នៃការឃោសនាបោះឆ្នោត និងទី២៖ ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលឃោសនាបោះឆ្នោត នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក យិច សមិទ្ធិ បានឱ្យដឹងយ៉ាងដូច្នេះថា «គោលដៅការពារការឃោសនាបោះឆ្នោត គឺស្ថិតនៅទាំង២៥ រាជធានី ខេត្ត រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយកម្លាំងដែលត្រូវប្រើប្រាស់មានចំនួនសរុប ១៥,៧២៤នាក់ ដែលរួមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ និងផែ្នកសឹករងក្រុង ស្រុក ខណ្ឌ»

លោក យិច សមិទ្ធិ បានបន្តថា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវបានចាត់ចែងកម្លាងការពារក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ និងជុំវិញបរិវេណនៃការជួបជុំ ឬការឃោសនាជាសាធារណៈដោយរក្សាឱ្យបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាពគ្មានការបំភិតបំភ័យគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ឬបង្កការអុកឡុក ការរំខាន ឬចលាចលណាមួយ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសម្រាប់គ្រប់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបេក្ខជនគ្រប់ៗរូបដោយស្មើភាព និងគ្មានការរើសអើង។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ភ្នាក់ងារសន្តិសុខបោះឆ្នោតមិនត្រូវទៅឈរក្បែរ ឬដើរកៀកពេកទៅនឹងទីតាំង ឬក្បួនឃោសនាបោះឆ្នោត ឬស្ថិតនៅក្នុងបរិវេណនៃអង្គពិធីឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមថា ការហែក្បួនឃោសនាបោះឆ្នោតឆ្លងភូមិភាគ មិនត្រូវបានអនុញ្ញាតឡើយ។ ប៉ុន្តែក្នុងករណីដែលការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរាជធានី ខេត្តចំណុះភូមិភាគ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះ ត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារស្ថានភាពទីតាំងភូមិសាស្ត្រជាក់ស្តែងនៃរាជធានី ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្សនយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពាក់ព័ន្ធយ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ទោះបីជារាជធានី ខេត្ត ដែលត្រូវឆ្លងកាត់នោះ ខ្លួនមាន ឬគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ។

លោកបានគូសញ្ជាក់ថា ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយត្រូវបិទឧបករណ៍បំពងសំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ពាក់ព័ន្ធត្រូវស្នើសុំកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។ គ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់មុនថ្ងៃបោះឆ្នោត ២៤ម៉ោង៕