(ភ្នំពេញ)៖ កងវិស្វកម្មពហុជំនាញលេខ ៨៣៦ ជាកងទី១៤ និងជាកងប្តូរវេន មានចំនួន ១៨៤នាក់ ក្នុងនោះស្ត្រីចំនួន ៣៨នាក់ បានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។

ខណៈនារសៀលថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ ជាកងទី១៣ មានចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រី៣៤នាក់ ដែលបានប្តូរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ នៅតំបន់ Marjayoun សាធារណរដ្ឋលីបង់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាព ប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋលីបង់។

ពិធីនេះជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូបទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋលីបង់ជាឆ្នាំទី១៥ ហើយងវិស្វកម្មពហុជំនាញលេខ៨៣៦ គឺជាកងទី១៤ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ ក្នុងនាមកងទ័ពមួកខៀវកម្ពុជា ត្រូវរក្សាបាននូវភាពស្អាតស្អំ មានវិន័យល្អ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនិយាមរបស់អង្គការសហប្រជាជាតិ ដោយយកសុវត្ថិភាពជាចម្បង រហូតទទួលបានជោគជ័យ ដោយមិនមានសមាជិកណាម្នាក់របួស ឬពលី ដោយយថាហេតុណាមួយឡើយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរម្លឹកដល់កម្លាំងទាំងអស់ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា សម្រាប់ទ័ពដែលចូលរួមនៅក្នុងតំបន់បំពេញបេសកកម្ម ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមបទបញ្ជា ការណែនាំរបស់មេបញ្ជាការកងកម្លាំងអង្គការសហប្រជាជាតិ ប្រចាំតំបន់ដែលត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវបំផុត ដើម្បីរក្សាសុខសុវត្ថិភាព។

នាឱកាសនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំពាក្យពេចន៍ផ្តាំផ្ញើជូនពរពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​ និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនដល់កងវិស្វកម្មពហុជំនាញលេខ៨៣៦ ផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងក្នុងពិធីសំណេះសំណាលដូច្នេះថា វិស្វកម្មពហុជំនាញលេខ៨៣៦ បានឆ្លងកាត់ការហ្វឹកហ្វឺន​តាមបទដ្ឋានរបស់អង្គការសហប្រជាជាតិ ទាំងការហ្វឹកហ្វឺនទូទៅ និងការហ្វឹកហ្វឺន​ស្នូល ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការជាក់ស្តែងក្នុងតំបន់បេសកកម្ម។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែម កងនេះនឹង​ដឹកនាំដោយមេកងជានារី ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់ អង្គការសហប្រជាជាតិ សំដៅលើកម្ពស់ស្ត្រីទាំងបរិមាណ និងគុណភាព ដើម្បីចូលរួមប្រដម​ប្រសមជាមួយបណ្តាប្រទេស​បរិច្ចាគកង​កម្លាំងក្នុងតំបន់បេសកកម្ម និងជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងជួរ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការពង្រីកការចូលរួមរបស់ស្រ្តីឱ្យបានលើសពី២០% ទាំងក្នុងកង និងជានាយទាហានសេនាធិការ និង​សង្កេតការណ៍យោធា។

គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៩,៤៦៥នាក់ ក្នុងនោះនារី៨០១នាក់ ទៅកាន់១២បេសកកម្មក្នុង ១០ប្រទេស រួមមាន៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះនារី ១១៩នាក់ ក្នុងប្រទេសចំនួន៥រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕