(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ត្រួតពិនិត្យកម្លាំង សម្ភារមធ្យោបាយ នៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង១០ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងត្រៀមអន្ដរាគមន៍ ក្នុងពេលមានសភាពការណ៍ចាំបាច់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំ ក៏ដូចជាការដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវត្រៀមអន្ដរាគមន៍ជានិច្ច ពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម និងដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥ ឆ្នាំ២០២៤។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវម្ចាស់ការណ៍ចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលរៀបចំពិធីសែនព្រេន ឬចាកចេញក្រៅផ្ទះដើម្បីដើរកម្សាន្ដ ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសភ្លើងធូប ភ្លើងទៀន ដើម្បីបង្ការករណីអគ្គិភ័យកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំដល់កងកម្លាំង ត្រូវចុះសម្រួលចរាចរណ៍នៅតាមបណ្ដាគោលដៅប្រឈម ជៀសវាងការកកស្ទះចរាចរណ៍ ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបើកបរដោយប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា៕