(ស្វាយរៀង)៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានសម្រេចធ្វើការសាងសង់ចំណតទូកមួយកន្លែង ស្ថិតនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីជួយសម្រួល ក្នុងការដឹកជញ្ជូនផលស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាប្រជាកសិករ ដែលធ្វើស្រូវនារដូវប្រាំង។

បន្ថែមលើសពីនេះ ក៏បានធ្វើផ្លូវសម្រាប់រថយន្តដឹកស្រូវចូលទៅក្នុងចំណតទូក ព្រមទាំងមានបំពាក់នូវជញ្ជីងសម្រាប់ថ្លឹងស្រូវដែលអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលនាំស្រូវចេញ ទៅលក់ឲ្យឈ្មួញទិញស្រូវខាងវៀតណាមផងដែរ។

លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ថា គោលបំណងនៃការធ្វើចំណតទូកនេះ ដើម្បីឲ្យប្រជាកសិករងាយស្រួល ក្នុងការប្រើប្រាស់ជាកន្លែងផ្ទេរស្រូវ របស់ប្រជាកសិករចេញចេញពីរថយន្តចូលទូករបស់អ្នកទិញស្រូវ មកពីប្រទេសវៀតណាម នៅក្នុងស្រុកស្វាយជ្រំ ក៏ដូចជាកន្លែងផ្សេងៗទៀត នៅក្នុងខេត្តទៅលក់ឲ្យអ្នកទិញខាងវៀតណាម ព្រោះនាពេលបច្ចុប្បន្ន ស្រូវកំពុងឡើងថ្លៃ ហើយបើមានកន្លែងច្បាស់លាស់នោះគឺងាយស្រួលក្នុងការគ្រប់គ្រង។

លោកបានឲ្យដឹងទៀតថា ដោយសារឆ្នាំនេះទិន្នផលស្រូវមានតម្លៃខ្ពស់ ហើយប្រជាកសិករ បាននាំគ្នាសម្រុកធ្វើស្រូវប្រាំងច្រើន ដូច្នេះហើយខាងសភាពាណិជ្ជកម្មខេត្ត បានធ្វើការសម្របសម្រួល ទៅខាងភាគីវៀតណាម ដើម្បីស្វែងរកទីផ្សារឲ្យប្រជាកសិករ ដោយទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរនៅមូលដ្ឋានផងដែរនោះគឺ បានចុះទៅពិនិត្យនៅតំបន់សនេះ បានព្រមព្រៀងឯកភាពរវាងភាគីកម្ពុជា និងភាគីវៀតណាម ព្រមទាំងអ្នកដែលមានការពាក់ព័ន្ធរួចហើយដែរ ពុំមានផលប៉ះពាល់ដល់បង្គោលព្រំដែន ឬប្រឡាយរួមនោះទេ។

លោក សុក រ៉ាដូ បានបន្ថែមទៀតថា ចំពោះរណ្តៅដីតូចមួយ ដែលក្រុមការងារជាងបានជីកយកអាចម៌ដីនោះ ដើម្បីធ្វើជើងទេផ្លូវឲ្យរថយន្តដាក់សម្ភារចូល ក្រោយបញ្ចប់ការងារនោះ ក្រុមជាងនឹងលុបរណ្តៅនោះ ឲ្យរាបស្មើមានសភាពដូចដើមវិញ។

ជាមួយគ្នានេះ មន្ត្រីនៃរដ្ឋបាលខេត្តមួយរូប បានឲ្យដឹងផងដែរថា ដោយយោងទៅតាមអនុសាសន៍របស់លោកអភិបាលខេត្តស្វាយរៀង ឲ្យស្វែងរកទីផ្សារស្រូវ ដល់ប្រជាកសិករនៅមូលដ្ឋាន ដូច្នេះត្រូវធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីលក់ស្រូវរបស់គាត់ឲ្យទាន់រដូវកាល មិនត្រូវមានភាពយឺតយ៉ាវនោះឡើយ ព្រោះនាពេលបច្ចប្បន្នស្រូវ កំពុងមានតម្លៃខ្ពស់នៅលើទីផ្សារធ្វើឲ្យពួកគាត់ មានចំណូលខ្ពស់ជួយកាត់បន្ថយភាពក្រីក្រនៅក្នុងជីវភាពគ្រួសារបានមួយកម្រិត។

ចំណែកប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលនាំស្រូវទៅលក់ទាំងនោះក៏មានការសប្បាយរីករាយផងដែរ ដោយសារមានកន្លែងចំណតទូកច្បាស់លាស់ សម្រាប់ទូកចេញចូលងាយស្រួល ក្នុងការដឹកស្រូវចេញទៅលក់បានតម្លៃថ្លៃចំណាយតិច ក្នុងការដឹកជញ្ជូននៅក្នុងតំបន់មាត់ច្រកព្រំដែន។

សូមបញ្ជាក់ថា ចំពោះផលស្រូវដែលប្រជាកសិករ លក់ឲ្យអាជីវករវៀតណាម មិនមានលក់បន្តទៅកន្លែងផ្សេងទៀតនោះទេ គឺលក់តែស្រូវនៅក្នុងតំបន់ជាប់ព្រំដែន ហើយក្របខ័ណ្ឌនៃការធ្វើកិច្ចសហប្រតិបត្តិការនេះគឺ ត្រឹមតែខេត្តរវាងខេត្តតែប៉ុណ្ណោះ៕