(ព្រះសីហនុ)៖ លោករដ្ឋមន្ដ្រី ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រមយនីដ្ឋានកោះក្របី នឹងក្លាយជាតំបន់ទេចរណ៍ ដែលស្រូបយកភ្ញៀវទេសចរបានច្រើន សម្រាប់មកសម្រាកលំហែរកាយហើយការអភិវឌ្ឍន៍កោះនេះប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ប៉ះពាល់បរិស្ថានតិចបំផុត និងជាកោះគំរូមួយសម្រាប់បណ្តាអ្នកវិនិយោគទុនផ្សេងៗ។ លោករដ្ឋមន្ដ្រីបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ និងបានជួបសំណេះសំណាលជាមួយអាជីវករ នៅឆ្នេរឯករាជ្យ នៅថ្ងៃទី២៩ ខែសីហា ដោយនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះអញ្ជើញចុះទៅពិនិត្យមើលគម្រោងអភិវឌ្ឍនៅកោះក្របី។
លោក ថោង ខុន បានឲ្យដឹងថា កោះក្របីជាកោះតូចមួយ មានទំហំត្រឹមតែ១០ហិកតា តែគម្រោងនេះ ត្រូវបានអនុវត្តដ៏ម៉ត់ចត់គោរពបាននូវការការពារ បរិស្ថានបានយ៉ាងល្អ តាមស្តង់ដារអន្តរជាតិ មានគម្រោងចម្រាញ់ទឹកសមុទ្រ ធ្វើជាទឹកស្អាត និងមានបំពាក់ប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលមានការទទួលស្គាល់ ពីក្រសួងបរិស្ថាន។
លោករដ្ឋមន្ដ្រី បន្ថែមថា មកដល់ពេលនេះ គម្រោងទាំងមូលអនុវត្តបានប្រមាណ៧០ភាគរយ ដែលអាចនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៧ ខាងមុខនេះ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរថា «គម្រោងអភិវឌ្ឍទេសចរណ៍មួយនេះ ដែលមានឆន្ទះពិតប្រាកដក្នុងការវិនិយោគ និងអភិវឌ្ឍនៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ High End Technology ប៉ះពាល់បរិស្ថាន ធម្មជាតិព្រៃឈើ តិចបំផុត ហើយគម្រោងនេះ នឹងស្រូបទាញទេសចរយ៉ាងច្រើន មកសម្រាកលំហែរនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។
សូមបញ្ចាក់ថា គម្រោងដែលកំពុងតែមមាញឹក ក្នុងការសាងសង់មួយនេះ បានស្រូបទាញយកកម្មករសំណង់ខ្មែរប្រមាណ៦០០នាក់ក្នុងមួយថ្ងៃ ហើយគម្រោង អភិវឌ្ឍនេះ វិនិយោគដោយក្រុមហ៊ុន RPB Investment និងគ្រប់គ្រងដំណើរការប្រតិបត្តិការដោយក្រុមហ៊ុន SIX SENSES Koh Krabei Island។ បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រង បានឲ្យដឹងថា ទឹកប្រាក់វិនិយោគប្រមាណ២០លានដុល្លារ សម្រាប់សាងសង់ផ្ទះវីឡាប្រណិតចំនួន៤០ តាមស្តង់ដារបរិស្ថាន មានភោជនីយដ្ឋាន ស៉្បា ម៉ាស្សា អាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងរៀបចំពិធីជប់លៀងយ៉ាងល្អ ផងដែរ៕