(កំពង់ចាម)៖ នៅវេលាម៉ោង ៣៖០០នាទី រំលងអធ្រាត្រ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានទទួលព័ត៌មានថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវ មួយកើតឡើង បង្កឡើងដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ០១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់៖

១៖ ឈ្មោះ ក្រិត ភារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរ ជាងពិដាន បណ្តាលឲ្យដាច់ ក ដៃខាងឆ្វេង និងរយែសកែងដៃឆ្វេង។
២៖ ឈ្មោះ សន គឹមសឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយ ចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្តាលឲ្យរងរបួសត្រូវស្មាខាងឆ្វេង។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តិសកម្មភាពខាងលើ។

លុះដល់វេលាម៉ោង១០៖០០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់៖

១៖ ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២៖ ឈ្មោះ ឡេង យាំងយ៉ាង ហៅវ៉ាន់ សារិទ្ធ ហៅតឿ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រោយពីធ្វើការស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន។

ក្នុងនោះ ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមាន៖ ម៉ូតូម៉ាក C125 ០១គ្រឿង ពណ៌ខ្មៅ សេរី ឆ្នាំ ២០១២ ពាក់ស្លាកលេខព្រៃវែង 1F-1205, ដាវចំនួន១ដើមប្រវែង០.៤៩ម៉ែត្រ, ខ្សែក្រវ៉ាត់ចំនួន១, ម៉ួកសុវត្ថិភាពបែកចំនួន១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕