(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៉ីវិល តំណាងឲ្យសហគម អង្គការ សមាគមទាំង៥០ បានលើកឡើងថា​ អង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន មិនគួរបោះឆ្នោតឱ្យ គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរនោះទេ សម្រាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី០៥ ខាងមុខនេះ។

តាមសេចក្តីអំពាវនាវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សហភាពអង្គការសង្គមស៉ីវិល បានលើកឡើងថា មានមូលហេតុ ៣ សំខាន់ៗ ដែលអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន ពុំគួរចេញទៅបោះឆ្នោតដូចខាងក្រោម៖

* ១៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលតាំងខ្លួនជាអ្នកស្នេហាជាតិហ៊ានលះបង់ជីវិតដើម្បីជាតិ បែរជាបង្កើតវប្បធម៌អាក្រក់ដល់សង្គមជាតិ គឺវប្បធម៌បែកបាក់។ យើងសង្កេតឃើញថា ថ្នាក់ដឹកនាំគណបក្សនេះ មានការបែកបាក់ជាបំណែកៗ មិនមានគំនិតជាធ្លុងមួយ ដូចអ្វីដែលខ្លួនបានអះអាងថាធ្វើដើម្បីជាតិ។ ប្រទេសកម្ពុជាយើង នាសម័យមហានគរមានវប្បធម៌សាមគ្គី ឯកភាព និងរួបរួមជាតិ មិនគិតប្រយោជន៍ខ្លួន បានសាងសង់អង្គរវត្តជូនកូនចៅជំនាន់ក្រោយបាន។ សន្តិភាព និងការអភិវឌ្ឍ ដែលមានក្នុងពេលបច្ចុប្បន្ន ក៏កើតឡើងពីការខិតខំបង្រួបបង្រួមជាតិញើសឈាមប្រជាជនកម្ពុជា ដែលបានយកគម្រូតាមមហាបុរសខ្មែរគ្រប់ជំនាន់មកការពារ។

* ២៖ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដែលកើតចេញពីគណបក្សភ្លើងទៀន អាចនិយាយបានថា ជាបងប្អូនគ្នា បានប្រើនយោបាយទាញយកកម្លាំងរៀងៗខ្លួន។ បន្ថែមពីនេះទៀត ពួកគេបានយកអង្គបោះឆ្នោតរបស់ខ្លួនជាចំណាប់ខ្មាំង ហេតុដូចនេះប្រសិនបើបងប្អូនជាអង្គបោះឆ្នោតទៅបោះជូនគណបក្សកម្លាំងជាតិ នឹងខុសចំពោះគណបក្សឆន្ទៈខ្មែរ បើបោះជូនគណបក្សឆន្ទៈខ្មែរ នឹងខុសចំពោះគណក្សកម្លាំងជាតិ ដែលគណបក្សទាំង ០២នេះកើតចេញពីគណបក្សភ្លើងទៀន។ បងប្អូនជាអង្គបោះឆ្នោត អាចនឹងត្រូវដកចេញពីគណបក្ស ឬដកចេញពីតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលខ្លួនកំពុងកាន់តំណែង។ ហេតុដូចនេះ កាលមិនចេញទៅបោះឆ្នោតច្បាស់ណាស់ថា មិនធ្វើខុសចំពោះគណបក្សណាមួយឡើយ បងប្អូនក៏មិនចាំបាច់បារម្ភចំពោះការបណ្តេញចេញពីគណបក្ស ឬតំណែងបងប្អូននោះទេ។

* ៣៖ ការប្រកួតប្រជែងដណ្តើមតំណែងជាសមាជិកព្រឹទ្ធសភាខាងមុខ ដែលមានគណបក្សចំនួន០៤ ចូលរួមប្រកួត ប៉ុន្តែបែរជាមិនស្មើនឹងទីលានប្រកួតរបស់គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ ដែលកក្រើកតាំងពីចុងឆ្នាំ២០២៣មកម្ល៉េះ។ ដោយឡែកសកម្មភាពចោទប្រកាន់គ្នា វាយប្រហារទៅគណបក្សដោយសម្តី បណ្តឹងទៅតុលាការ គឺដើម្បីទាញយកសំឡេងអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនដែលជាគណបក្សដើមរបស់ខ្លួន។ នេះបានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន កន្លងមកធ្វើឡើងដើម្បីតែអំណាច គ្មានឡើយពាក្យថាស្នេហាជាតិ និងសាមគ្គី ដែលខ្លួនតែងតែនិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួន។ ជំនឿអាត្មានិយម និងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបានតំណែងជាសមាជិកព្រឹទ្ធសភា វាមិនសមគួរណាបងប្អូនដែលជាអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនទៅបោះឆ្នោតជូននោះឡើយ បងប្អូនគួរធ្វើពហិកាទៅបោះឆ្នោតជូនគណបក្សទាំង២ គឺដើម្បីបញ្ជាក់ថាបងប្អូនមិនពេញចិត្តចំពោះការបែកបាក់គ្នាដោយសារប្រយោជន៍ផ្ទាល់ខ្លួន។

សហភាពអង្គការសង្គមស៉ីវិល ក៏បានសម្ដែងការសោកស្ដាយដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ពុំអាចធ្វើគំរូល្អដល់សង្គមជាតិ និងអ្នកគាំទ្ររបស់ខ្លួនបាន។ ដោយផ្អែកលើចំនុចទាំង០៣ គឺពិតជាអាចបញ្ជាក់អំពីការអសមត្ថភាព និងការខ្វះភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ហើយបើទោះបីជាពួកគេអាចជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ក៏ដើម្បីតែបើកប្រាក់ខែរដ្ឋយកមកចាយ មិនអាចឡើយដែលថាពួកគេអាចជួយដល់ពលរដ្ឋខ្មែរក្នុងនាមសមាជិកព្រឹទ្ធសភា ហេតុដូចនេះការមិនចេញទៅបោះឆ្នោតរបស់បងប្អូន ពិតជាសាកសម និងមានតម្លៃខ្លាំងណាស់៕