Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាកម្ពុជាបានចំណាត់លេខ៣ ក្នុងការប្រកួតបាញ់កាំភ្លើង Sniper អន្តរជាតិ​ «1st Sharp Blade International Sniping Competition » នៅប្រទេសចិន

30-08-2016 12:13

(ភ្នំពេញ)៖ ក្រុមបាញ់ត្រង់ របស់កងយោធពលខេមរភូមិន្ទកម្ពុជា​ ចំនួន​០៥រូប​ ដឹកនាំដោយ​ឧត្តមសេនីយ៍ត្រី មៀច ហ៊ន នាយទាហាន កងទ័ពជើងគោក​ ចូលរួមការប្រកួតបាញ់កាំភ្លើង Sniper អន្តរជាតិ «1st Sharp Blade International Sniping Competition » កាលពីថ្ងៃទី២០-២៨ ខែសីហា ឆ្នាំ២០១៦ ដែលទទួលបាន ពានរង្វាន់ចំណាត់លេខ៣ និងមេដាយមួយចំនួន។ មានយោធាមកពីចំនួន ១៥ប្រទេស បានចូលរួម​ប្រកួត ក្នុងនោះរួមមានប្រទេសបែលឡារូស្ស កម្ពុជា ឈីលី បារាំង ហុងគ្រី ស៊ូដង់  អ៊ីស្រាអែល កាហ្សាក់ស្ថាន ម៉ាឡេស៊ី មិចស៊ីកូ ប៉ាគីស្ថាន អេស្ប៉ាញ ថៃ វៀតណាម និងប្រទេសចិន ជាដើម។

ឧត្តមសេនីយ៍ត្រី មៀច ហ៊ន បានថ្លែងថា «នេះមិនមែនជាលើកទីមួយទេ ដែលយោធិននៃកងយោធពល ខេមរភូមិន្ទរបស់យើង ទទួលបានជ័យជំនះ និងនាំយកនូវជ័យលាភីផ្សេងៗជូនមាតុប្រទេស។ ហើយនេះ គឺជាជ័យជំនះ និងជាមោទនភាពថ្មីថែមទៀត របស់កងទ័ពកម្ពុជាក្នុងឆាកអន្តរជាតិ ខណៈវិស័យការពារជាតិរបស់កម្ពុជា កំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ »។

សូមបញ្ជាក់ថា ការប្រកួតត្រូវបានធ្វើឡើងលើវិញ្ញាសារចំនួន មាន១២ ជាលក្ខណៈបុគ្គល និងជាក្រុម ដោយក្នុងនោះរួមមានវិញ្ញាសារ Microcosm, Copper Coin, Lurk, Imminent Peril, Reversed Dagger, Wind, Fatal Duel, Study and Prevail, Penetration, Hard Support, Fieldrunner និង​ Triumphant Return។

ជាលទ្ធផលកងកម្លាំងកម្ពុជា ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៣ ចំនួន ០២វិញ្ញាសារ (Penetration និង​ Hard Support) និងទទួល បានជ័យលាភីមេដាយមាស ចំនួន០២ លើវិញ្ញាសារ Imminent Peril និងវិញ្ញាសារ Reversed Dagger រួមជាមួយមេដាយសំរឹទ្ធ ចំនួន​០៤ លើវិញ្ញាសារផ្សេងៗទៀតផងដែរ៕