(ភ្នំពេញ)៖ សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ សូមអំពាវនាវដល់អង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន មេត្តាកុំទៅបោះឆ្នោតឱ្យគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ បានតាមដានយ៉ាងយកចិត្តទុកដាក់លើព្រឹត្តិការណ៍នយោបាយទាក់ទងនឹងគណបក្សភ្លើងទៀន ដែលបានបែកបាក់សាមគ្គីផ្ទៃក្នុង ហើយសមាជិកស្នូលនៃគណបក្សនេះ បានទៅបង្កើតគណបក្សកម្លាំងជាតិ និងរួមគ្នាជាមួយនឹងគណបក្សឆន្ទៈខ្មែរ ដែលសមាជិកស្ថាបនិក និងសមាជិកស្នូលនៃគណបក្សនេះ ក៏មានប្រភពដើមចេញមកពីគណបក្សភ្លើងទៀនដែរ។

សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ បណ្ដុំទៅដោយក្រុមនិស្សិតបញ្ញវន្ត ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ប្រាកដណាស់ មិនចូលចិត្តនយោបាយមិនប្រាកដនិយម នយោបាយគ្មានគោលការណ៍នយោបាយគ្មានសាមគ្គីភាព ហើយនយោបាយ បែប នេះ អាចបញ្ជាក់បានថា អ្នកនយោបាយទាំងនោះ មិនមែនជាអ្នកនយោបាយប្រជាធិបតេយ្យ ចិត្តគំនិតគ្មានសន្តិភាព និងគ្មានភាពចាស់ទុំ ដែលមិនអាចធ្វើជាតំណាងឱ្យពលរដ្ឋដែលជាម្ចាស់ឆ្នោតបានឡើយ។យើងបានឃើញហើយប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា និងប្រវត្តិសាស្ដ្រពិភពលោក រាល់ការបែកបាក់តែងតែបង្កនូវជម្លោះ និងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ឧទាហរណ៍ដូចជា នៅអឺរ៉ុប ពេលមានការបែកបាក់បានបង្កឱ្យកើតសង្គ្រាមលោកលើកទី២ ហើយសន្តិភាពត្រូវបានបាត់បង់។

ងាកមក មើល ប្រវត្តិសាស្ដ្រ ប្រទេសកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អ្នកនយោបាយបែកបាក់គ្នា ជាបក្សជាពួកចែកគ្នាជាតំបន់បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ ដោយសារតែការបែកបាក់ គ្មានសាមគ្គីភាព មានភាពអាត្មានិយម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ សមិទ្ធផលនៃចរិត នយោបាយ បែកបាក់សាមគ្គី អាចបញ្ជាក់ឱ្យប្រជាពលរដ្ឋ មើលឃើញយ៉ាងច្បាស់ថាពួកគេគ្មានសមត្ថភាពជាអ្នកនយោបាយប្រាកដនិយមបានឡើយ។

សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ សូមអំពាវនាវដល់អង្គបោះឆ្នោតនៃគណបក្សភ្លើងទៀន គួរពិចារណាមើលថាតើនឹងទៅបោះឆ្នោតឱ្យគណបក្សមួយដែលបានបែកបាក់គ្នាជា ៣គណបក្សបានម្ដេចនឹងកើត។ ដូច្នេះ ការមិនទៅបោះឆ្នោត គឺជាជម្រើសមួយដ៏ល្អសម្រាប់សមាជិកនៃអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន ពីព្រោះបើទៅបោះក៏មិនដឹងបោះឱ្យមួយណាដែរ៕