សភាស៊ើបសួរសាលាឧទ្ធរណ៍ លើកពេលប្រកាសសាលដីកា លើបណ្តឹងមន្ត្រីអាដហុក៤រូប សុំមោឃភាពនីតិវិធីរបស់ ACU ទៅព្រឹកថ្ងៃទី២ ខែកញ្ញា
30-08-2016 12:10
(ភ្នំពេញ)៖ ក្រោយពីបានសាកសួរប៉ុន្មានម៉ោងមកនេះ លោក ងួន អ៉ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ បានបញ្ជាក់ថា បណ្តឹងមន្ត្រីអាដហុក៤រូប សុំមោឃភាពនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ ។
ការប្រកាសរបស់ សភាស៊ើបសួរសាលាឧទ្ធរណ៍ បានធ្វើឡើងក្រោយពេលដែលបញ្ចប់ការសាកសួរ លើបណ្តឹងមន្ត្រីអាដហុក៤រូប សុំមោឃភាពនីតិវិធី របស់សមត្ថកិច្ច អង្គភាព ប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា មន្រ្តីអាដហុកដែលបានប្តឹងតវ៉ានោះ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក និងលោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស៕