(កំពង់ចាម)៖ លោក អ៊ុច បូររិទ្ធ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាភូមិភាគ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី២ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលប្រព្រឹត្ដទៅនៅស្នាក់ការគណបក្សស្រុកជើងព្រៃ។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងដើម្បីបង្ហាញមុខបេក្ខជនព្រឹទ្ធសភា និងការដាក់ចេញនូវភារកិច្ចសំខាន់ៗមួយចំនួនដើម្បីក្រុមការងារបេក្ខជន គណៈកម្មាធិការគណបក្សស្រុក និងអង្គបោះឆ្នោតរបស់គណបក្សបានយល់ និងសហការអនុវត្ដឱ្យត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ពិធីនេះ​ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ, លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងបេក្ខជនសមាជិកព្រឹទ្ធសភា និតីកាលទី៥ ឆ្នាំ២០២៤ផងដែរ។

លោក អ៊ុច បូររិទ្ធ បានថ្លែងថា ពិធីសំណេះសំណាលនេះ ក៏ជាឱកាសមួយដើម្បីថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រមែប្រមូលការគាំទ្រ ជូនដល់គណបក្សប្រជាជនកម្ពុជាយើង ហើយសម្រាប់ថ្ងៃនេះលោកក៏នឹងចែករំលែកបទពិសោធន៍ និងកិច្ចការងារសំខាន់ៗដល់សមាជិក ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្ដទៅប្រកបដោយជោគជ័យ និងទទួលបានគាំទ្រ ១០០% ដល់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក អ៊ុច បូររិទ្ធ ក៏គូសរម្លឹកផងដែរពីគុណបំណាច់របស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខដឹកនាំបក្ស ដែលជាវីរៈបុរសស្នេហាជាតិដ៏ឈ្លាសវៃអង់អាចក្លាហាន គ្មានអ្នកផ្ទឹមបាន ពលីជីវិតដើម្បីជាតិ ពិសេសពូកែ វ័យឆ្លាត ក្នុងការដោះស្រាយរាល់បញ្ហា ដើម្បីរកផលប្រយោជ៍ជូនជាតិ មាតុភូមិ រហូតឈានទៅទទួលបានសន្ដិភាពជូនប្រទេសជាតិ ។ «ដូច្នេះសូមបងប្អូនទាំងអស់គ្នា កុំភ្លេចគុណអ្នកមានគុណ ដែលឱ្យយើងរស់រានមានជីវិតមកដល់សព្វថ្ងៃ ត្រូវចងចាំជារៀងរហូត ថ្ងៃជ័យជម្នះ៧មករា ជាឆ្នាំកំណើតទី២ របស់យើងទាំងអស់គ្នា បើគ្មានការរំដោះជាតិ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច ជា ស៊ីម សម្ដេចហេង សំរិន សម្ដេចតេជោ ជាថ្នាក់ដឹកនាំ ហើយបើគ្មានការបូជាអាយុជីវិត ឬពាលីកម្មរបស់អ្នកស្នេហាជាតិ ពេលនោះបងប្អូនយើងទាំងអស់ ក៏មិនអាចមមកអង្គុយជួបគ្នានៅពេលនេះ នោះទេ មានតែសង្គ្រាមព្រាត់ប្រាស់ក្រុមគ្រួសារ»

ទន្ទឹមនឹងនោះប្រធានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ភូមិភាគទី២ រូបនេះ បានថ្លែងអំពាវនាវដល់សមាជិក និងប្រជាជនកម្ពុជាទាំងអស់ «ចាំបាច់ត្រូវលើកកម្ពស់ និងប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីកុំឱ្យសន្ដិភាពបាត់បង់ទៅវិញ ដោយត្រូវបង្រួបបង្រួមគ្នាការពារសន្ដិភាព រួមសាមគ្គីឯកភាពជាតិយើង»

លោក អ៊ុច បូររិទ្ធ ក៏បានសង្គត់ធ្ងន់ថា «យើងនៅតែបន្ដរួមរស់ជាមួយគណបក្សប្រជាជនយើង រួមគ្នាកសាងប្រទេសជាតិយើង ដែលជាអ្នកមានគុណរបស់យើង សម្ដេចតេជោ ហ៊ុនសែន។ ប្រទេសជាតិមានសំណាងណាស់ ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំដែលមានប្រាជ្ញា ចង្ខុវិស័យវែងឆ្ងាយ ដែលមិនអាចរកអ្នកផ្ទឹមបានឡើយ។ លោកបានគូសរម្លឹកទៀតថា បើគ្មានសម្ដេចតេជោទេ ក៏គ្មានកិច្ចព្រមព្រៀង ទីក្រុងប៉ារីសដែរ ហើយបើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏គ្មានសន្ដិភាពពេលនេះដែរ»

ជាមួយគ្នានោះសមាជិកបក្ស និងអង្គកម្មវិធីទាំងអស់ ក៏បានប្ដេជ្ញារួមគ្នាសាមគ្គីឯកភាពជាតិតែមួយ បន្ដរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងត្រូវតែដឹងគុណសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា ជារាងរហូត ហើយបានប្ដេជ្ញាគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន ដែលជាបរុសដ៏អង់អាចក្លាហាន ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ក្នុងការបន្ដវេន ដឹកនាំប្រទេសបន្ដពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីរក្សាប្រទេសជាតិបាននូវសុខសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយជំរុញការងារប្រទេសជាតិ ទៅតាមយុទ្ធសាស្ដ្រនយោបាយបញ្ចកោណដំណាក់កាលទី១ ជាពិសេសសម្ដេចធិបតី បានលើកទិសដៅសំខាន់ ក្នុងការរុញកម្ពុជាឱ្យដល់គោលដៅ ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា ពិធីសំណេះសំណាលរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ភូមិភាគទី២ នីតិកាលទី៥ ឆ្នាំ២០២៤ ជាមួយសមាជិកក្រុមប្រឹក្សា ឃុំ ជាអង្គបោះឆ្នោត ក្នុងស្រុកជីងព្រៃ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បេក្ខជនសមាជិកព្រឹទ្ធសភា និតីកាលទី៥ ឆ្នាំ២០២៤ ក៏មានមតិសំណេះសំណាល រួមទាំងផ្ដល់មតិយោបល់ចំនួន ៥ចំណុច ដល់អង្គកម្មវិធីផងដែរ៕