(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតអគ្គកុងស៊ុលរបស់ខ្លួនមួយទៀត នៅខេត្តសុងក្លា ប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ ក៏នឹងបង្កើតកុងស៊ុលថ្មីមួយទៀតដែរ នៅខេត្តសៀមរាប។

នេះបើតាម លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅប្រទេសថៃ។

លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជានិងថៃ ប្រកាសពង្រឹងទំនាក់ទំនងការទូត ដោយកម្ពុជាបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសុងក្លា ហើយថៃបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសៀមរាប»

លោកបានបន្តថា គោលដៅចំបងនៃការបង្កើតថ្មីបន្ថែមនេះ គឺសម្រួលកិច្ចការកុងស៊ុល និងជួយជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ចូលប្រជាជននៃប្រទេសទាំងពីរ។ លោកបញ្ជាក់បន្ថែមថា «ទាំងនេះ ជាលទ្ធផលសម្រេចបានផ្នែកនយោបាយ និងការទូត ការទស្សនកិច្ចនៅក្រុងបាងកក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត»

សូមជម្រាបថា ទំនាក់ទំនងការទូតរវាងកម្ពុជា​ និងថៃ ត្រូវបានបង្កើតជាផ្លូវការ​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ បើតាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងកម្ពុជា និងថៃ ដោយប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ» នៅក្នុងដំណើរទស្សនកិច្ចលើកនេះ៕