(ភ្នំពេញ)៖ ក្នុងជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មិនមានលើកឡើងនោះឡើយ អំពីរឿងបើកច្រកឱ្យអ្នកទេសចរថៃ ចូលមកកាន់ប្រាសាទព្រះវិហារ។

នេះជាការបញ្ជាក់របស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីលទ្ធផលទស្សនកិច្ចទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅប្រទេសថៃ។

ច្រកចូលប្រាសាទព្រះវិហារ តាមខេត្តស៊ីសាកេត ប្រទេសថៃ ត្រូវបានបិទរយៈពេល១៦ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ២០០៨មក ខណៈដែលប្រជាជន និងអ្នកនយោបាយថៃ មានបំណងចង់ឱ្យបើកច្រកនេះវិញ ដើម្បីឱ្យអ្នកទេសចរអាចចូលមកកាន់ប្រាសាទព្រះវិហារ៕