(ភ្នំពេញ)៖ ដើម្បីអបអរសាទរជ័យជំនះ ដ៏ត្រចះត្រចង់ ក្នុងការដណ្ដើមបានជើងឯកពានរង្វាន់បាល់ទាត់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាសាក់ បានរៀបចំដំណើរកម្សាន្ត រឹតចំណងអនុស្សាវរីយមួយ សម្រាប់ក្រុមកីឡាកររបស់ខ្លួន ដែលមានរយៈពេលពីរយប់បីថ្ងៃ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និងខេត្តសៀមរាប។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានធនធាន មនុស្សរបស់ប្រាសាក់ បានថ្លែងថា ការរៀបចំដំណើរកម្សាន្ត រឹតចំណងអនុស្សាវរីយក្នុងសប្ដាហ៍មុននេះ ក្នុងគោលបំណងលើកទឹកចិត្ត និងតបស្នងចំពោះការខិតខំប្រឹងប្រែង លះបង់ទាំងពេលវេលា កម្លាំងកាយកម្លាំងចិត្ត របស់ក្រុមកីឡាករទាំងអស់ ក្នុងការដណ្តើមយកជ័យជំនះជាជើងឯក ពានរង្វាន់បាល់ទាត់សមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជាឆ្នាំ២០១៦ និងពាំនាំកិត្តិយសជូនស្ថាប័ន ថ្នាក់ដឹកនាំប្រាសាក់ បានសម្រេចរៀបចំដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌នានា ជូនដល់ក្រុមកីឡាករ ប្រាសាក់ទាំងអស់ ។
ក្រៅពីទទួលបានការសប្បាយរីករាយ និងដំណើរសម្រាកកម្សាន្ត អបអរជ័យជំនះនេះ អ្នកដឹកនាំក្រុមកីឡាករ គ្រូបង្វឹក និងក្រុមកីឡាករ ទាំងអស់ ក៏ទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តពីប្រាសាក់ផងដែរ ហើយសកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុម ប្រឹក្សាភិបាល និងគណៈគ្រប់គ្រងប្រាសាក់ ចំពោះគ្រប់បុគ្គលិកទាំងអស់។
លោក ផុន ចាន់ឧត្តម ជាកីឡាករបាល់ទាត់ម្នាក់របស់ប្រាសាក់ បានថ្លែងថា «ជួសមុខឲ្យក្រុមកីឡាករបាល់ទាត់ ប្រាសាក់ទាំងអស់ ខ្ញុំសូម ថ្លែងអរគុណចំពោះថ្នាក់ដឹកនាំ ប្រាសាក់ ដែលបានចំណាយពេលវេលា កម្លាំងកាយកម្លាំងចិត្ត និងទាំងថវិកាផ្ទាល់ខ្លួនដើម្បីរៀបចំឲ្យមាន ដំណើរកម្សាន្ត ប្រកបក្តីសប្បាយរីករាយជាមួយក្រុមគ្រួសារ និងបងប្អូនបុគ្គលិកប្រាសាក់ យើងខ្ញុំនឹងព្យាយាម ឲ្យអស់ពីសមត្ថភាពដើម្បី ឲ្យប្រាសាក់មានភាពរីកចម្រើនខ្លាំង ជាងនេះទៅទៀត។ ជាចុងក្រោយ ខ្ញុំសូមគោរពជូនពរ ថ្នាក់ដឹកនាំប្រាសាក់ទាំងអស់សូមមាន សុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច ការងារ»។
គួររំឭកថា ក្រុមបាល់ទាត់ប្រាសាក់ បានយកឈ្នះក្រុមបាល់ទាត់ធនាគារស្ថាបនា ដោយលទ្ធផល ៣ទល់នឹង១ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ដើម្បីគ្រងតំណែង ជើងឯក ពានរង្វាន់បាល់ទាត់សមាគម មីក្រូហិរញ្ញវត្ថុនេះជាលើកទី២៕