(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកបើកទំព័រថ្មីនៃប្រវត្តិទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយបច្ចុប្បន្នទំនាក់ទំនងនេះប្រៀបដូចជារាត្រីទឹកឃ្មុំ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងបែបនេះ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងបាំងកក ប្រទេសថៃ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងដូចនេះថា «ដូចបានដឹងស្រាប់ហើយទំនាក់ទំនងកម្ពុជា-ថៃ ជាពិសេសក្នុងឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១ មិនល្អសោះ[..] ប៉ុន្តែតាំងពីឆ្នាំ២០១១មក ប្រទេសជិតខាងរបងជាមួយទាំងពីរ បានខិតខំកសាងបណ្តើរៗឱ្យមានលក្ខណៈល្អប្រសើរឡើងវិញ ទំនាក់ទងដែលធ្លាក់ដល់បាតកាលសម័យនឹង ប៉ុន្តែដូចខ្ញុំលើកឡើងមុននេះកាលពីខែសីហា ឆ្នាំ២០២៣មក សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន មានឆន្ទះមុះមុតក្រៃលែងក្នុងការបើកទំព័រថ្មីនៃប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំង២»

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា ឆន្ទះមុះមុតរបស់ប្រទេសកម្ពុជា-ថៃ នេះ បានស្តែងឡើងតាមរយៈជម្រើសរបស់នាយករដ្ឋមន្ត្រីថៃ ដែលបានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទស្សនៈកិច្ចលើកទី១បង្អស់របស់លោកនៅក្រៅប្រទេស ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ហើយឆន្ទះដ៏មុះមុតនោះបានស្តែងឡើងតាមរយៈទស្សនៈកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងទីក្រុងបាំងកក។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ទៀតថា ទាំងនេះហើយសុទ្ធសឹងតែជាលទ្ធផល និងភស្តុតាងដែលឱ្យយើងបានពិនិត្យមើលឃើញថា លទ្ធផលដែលកម្ពុជាសម្រេចបានគឺល្អហួសការស្មាន និងជាសក្ខីកម្មដែលបង្ហាញបានថា ទំនាក់ទំនងកម្ពុជា-ថៃ នាពេលបច្ចុប្បន្ននេះបានស្ថិតក្នុងស្ថានភាពនៃរាត្រីទឹកឃ្មុំ៕