(ភ្នំពេញ)៖ បណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា​ មានជនអនាមិកបានលួចបង្កើត Telegram ក្លែងក្លាយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។

ជាមួយគ្នានេះ សូមអំពាវនាវដល់បងប្អូន មេត្តាប្រុងប្រយ័ត្នចំពោះករណី កុំចាញ់ការបោកប្រាស់ ពីសំណាក់ជនខិលខូច។

Facebook និង Telegram សម្តេចធិបតីបានបង្ហោះខ្លឹមសារដូច្នេះថា​ «សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា​ មានជនអនាមិក​បានបង្កើតគណនីតេលេក្រាមក្លែងក្លាយលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ហើយបានបោកប្រាស់​ និងមានគោលបំណងទុច្ចរិតផ្សេងៗ។ សូមបងប្អូន​ ពូមីង​ លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន​ និងប្រុងប្រយ័ត្ន​ ហើយកុំចាញ់ការបោកប្រាស់​ ឬចេតនាអាក្រក់​ និងសូមចែករំលែកបន្តផងដែរ»