(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅទីក្រុងបាំងកក ប្រទេសប្រទេសថៃ។

សូមជម្រាបថា កាលពីវេលាម៉ោង៨ព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចេញទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។

ដំណើរទស្សនកិច្ចដ្បិតថាត្រឹមរយៈពេលត្រឹមមួយថ្ងៃតែមានគុណតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដែលបន្តនាំផ្លែផ្កាជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ៕