(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន  បានអញ្ជើញចូលរួមក្នុងកម្មវិធី «Deepening ASEAN-USAID Engagement through Partnership and Cooperation»។

កម្មវិធីនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន នាយកទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំតំបន់អាស៊ី និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានផងដែរ។

លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ភាពជាដៃគូយូរអង្វែង និងបានសំដែងសុទិដ្ឋិនិយម សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចសហការប្រកបដោយជោគជ័យ។

បន្ទាប់មកលោក Ameer Khurram Rathore ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំអាស៊ាន ក៏បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីតម្រូវការឲ្យអាស៊ាន និងប៉ាគីស្ថានអនុវត្តដោយប្រសិទ្ធភាពនូវភាពជាដៃគូតាមវិស័យអាស៊ាន-ប៉ាគីស្ថាន តាមរយៈគម្រោង និងសកម្មភាពនានា ដើម្បីពង្រឹងភាពជាដៃគូអាស៊ាន-ប៉ាគីស្ថាន។ ភាគីទាំងពីរ បានឯកភាពធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប៉ាគីស្ថាន។

បន្ទាប់មកទៀត លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក Benedetto Latteri ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីតាលីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ រិះរកគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-អ៊ីតាលី។

ដោយឡែក នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកស្រី Tiffany McDonald ឯកអគ្គរាជទូតតែងតាំងថ្មី អូស្ត្រាលីប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ជាពិសេស ស្របពេលឆ្នាំនេះ ជាខួបឋលើកទី ៥០ នៃទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-អូស្ត្រាលី។

ភាគីទាំងពីរទន្ទឹងរង់ចាំ ការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅខែមីនាខាងមុខ នៅប្រទេសអូស្ត្រាលី ហើយបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ដែលមានប្រយោជន៍ទៅវិញទៅមក ក៏ដូចជា ដើម្បីគាំទ្រដល់ការកសាង និងការធ្វើសមាហរណកម្មសហគមន៍អាស៊ាន។

នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងពិធីអបអរឆ្នាំ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ាន-ចិន និងពិធីអបអរបុណ្យចូលឆ្នាំចិន ដែលរៀបចំដោយឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។

នៅក្នុងសន្ទរកថា លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរប្រទេសចិន ដែលបានរៀបចំពិធីដាក់ឲ្យដំណើរការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ាន-ចិន ដោយជោគជ័យនាពេលកន្លងមក នៅទីក្រុង Fuzhou ខេត្តហ្វ៊ូចៀន ប្រទេសចិន។

លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជ្រើសរើសឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ាន-ចិន ដែលជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់អន្តរកម្ម ការយោគយល់ទៅវិញទៅមក និងមិត្តភាពក្នុងចំណោមប្រជាជនអាស៊ាន និងចិន ដែលនឹងចូលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើង នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៕